សមាជិកគ្រួសារ៦នាក់ស្លាប់ និងរងរបួសដោយសារគ្រាប់បែកកែច្នៃផ្ទុះនៅខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយបាននិយាយថាសមាជិកគ្រួសារ៦នាក់ស្លាប់ និងរងរបួសកាលពីថ្ងៃចន្ទនេះដោយសារគ្រាប់បែកកែច្នៃមួយគ្រាប់ផ្ទុះឡើងនៅក្នុងសង្កាត់ Rawa ខេត្ត Anbar។ បញ្ជាការប្រតិបត្តិការខេត្ត Anbar ប្រាប់សារព័ត៌មាន Basnews ថាគ្រាប់បែកដែលដាក់ដោយរដ្ឋអ៊ីស្លាមនៅក្នុងផ្ទះមួយស្ថិតនៅក្នុងសង្កាត់ Rawa ក្នុងខេត្ត Anbar បានផ្ទុះឡើងបណ្តាលឲ្យសមាជិកគ្រួសារ២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។ បើយោងតាមប្រភពមិនបញ្ចេញឈ្មោះបាននិយាយថាក្នុងចំណោមអ្នករងរបួសមានស្ត្រីម្នាក់ និងកូនម្នាក់ទទួលរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ បញ្ជាការប្រតិបត្តិការខេត្ត Anbar បានប្រាប់ឲ្យដឹងទៀតថាយុទ្ធនាការសន្តិសុខមួយត្រូវបានចាប់ផ្តើមដើម្បីស្វែងរកគ្រាប់បែកកែច្នៃដែលបានដាក់ក្នុងផ្ទះដែលយុទ្ធនាការនេះសំដៅលើក្រុមគ្រួសារដែលបានធ្វើមាតុភូមិនិវត្តមកកាន់សង្កាត់ Rawa។ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលរបស់រដ្ឋអ៊ីស្លាមកាលពីដើមខែវិច្ឆិកាកន្លងមកជាមួយនឹងការដណ្ដើមយកទីក្រុងមួយដែលស្ថិតនៅភាគខាងលិចខេត្ត Anbar ជាប់ព្រំដែនប្រទេសស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះនៅក្នុងប្រទេសអ៊ីរ៉ាក់។ គួររំលឹកថារដ្ឋអ៊ីស្លាមបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេក្នុងប្រទេសអ៊ីរ៉ាក់ និងព្រំដែនប្រទេសស៊ីរីកាលពីឆ្នាំ២០១៤។ នៅពេលនោះយុទ្ធនាការរបស់រដ្ឋាភិបាលដែលមានការគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងកងកម្លាំងប៉ារ៉ាត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ក្នុងគោលបំណងធ្វើការកាន់កាប់ឡើងវិញលើតំបន់ទាំងឡាយណាដែលស្ថិតនៅក្រោមការកាន់កាប់របស់ពួក IS៕

LEAVE A REPLY

Please enter your comment!
Please enter your name here