ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៨
យ៉ាងហោចណាស់មានមនុស្ស៤១នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងហេតុការណ៍អគ្គីភ័យឆេះឆាបមន្ទីរពេទ្យនៅទីក្រុង Mirang ប្រទេសកូរ៉េខាងត្បូងនេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ ការឆេះចាប់ផ្ដើមចេញពីក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Sejong ដែលមានជំនាញខាងជំងឺបេះដូង។ អ្នកជំងឺប្រមាណជា២០០នាក់ដែលស្ថិតនៅក្នុងអាគារ និងផ្ទះថែទាំនៅក្បែរនោះខណៈមានមនុស្សជាច្រើនក៏ត្រូវបានគេជម្លៀសចេញដោយសុវត្ថិភាពផងដែរ។ ករណីនេះជាអគ្គីភ័យដែលសម្លាប់មនុស្សច្រើនជាងគេនៅប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជិត១ទសវត្សនេះ ហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងផងដែរ។ ក្រុមពន្លត់អគ្គីភ័យបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា ជនរងគ្រោះស្លាប់ដោយសារការស្រូបផ្សែងចូលទៅក្នុងផ្លូវដង្ហើម។ មនុស្សរងរបួសជាច្រើនដែលគេបានរាយការណ៍ថាកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក Choi និយាយថាអគ្គីភ័យនេះបានចាប់ផ្តើមនៅម៉ោងប្រមាណជា៧:៣០នាទីម៉ោងក្នុងស្រុក (២២:៣០GMT កាលពីថ្ងៃព្រហស្បតិ៍) ហើយពន្លត់វិញក្នុងរយៈពេល៣ម៉ោងក្រោយ។ យោងតាមសារព័ត៌មានយ៉ុនហាប បានឲ្យដឹងថាអ្នកជំងឺ៩៣នាក់មកពីផ្ទះថែទាំត្រូវបានជម្លៀសដោយសុវត្ថិភាព។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញអគារដែលលេបត្របាក់ដោយផ្សែងពណ៌ខ្មៅក៏ដូចជាបានបង្ហាញពីអ្នកជំងឺត្រូវបានជួយសង្គ្រោះផងដែរ។ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាអគ្គីភ័យភ្លាមៗផងដែរ។ គួរបញ្ជាក់ថា ទីក្រុង Miryang មានចម្ងាយប្រមាណជា២៧០គីឡូម៉ែត្រ (១៦៨ម៉ាយ) ពីរដ្ឋធានីសេអ៊ូល។ មន្ទីរពេទ្យនេះបានដំណើរការចាប់តាំងពីឆ្នាំ២០០៨មកម្លេះ។ ផ្ទះថែទាំ និងមន្ទីរពេទ្យមានគ្រែសម្រាប់អ្នកជំងឺប្រមាណជា២០០គ្រែ។ បើយោងតាមមន្រ្តីខេត្តហ្គីយ៉ុងសាំងខាងត្បូងបានឱ្យដឹងថាមានមន្ត្រីសុខាភិបាលប្រមាណជា៣៥នាក់ធ្វើការនៅមន្ទីរពេទ្យនោះ។ គួររំលឹកផងដែរថាអគ្គីភ័យនេះបានកើតឡើង១ខែបន្ទាប់ពីមានមនុស្ស២៩នាក់នៅក្នុងទីក្រុង Jecheon ប្រទេសកូរ៉េខាងត្បូងស្លាប់ដោយហេតុការណ៍អគ្គីភ័យឆាបឆេះកន្លែងហាត់ប្រាណសាធារណៈមួយកន្លែង៕
