ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ឲ្យដឹងថាសមាជិករដ្ឋអ៊ីស្លាម៣នាក់ត្រូវបានសម្លាប់ខណៈដែលយោធាវាយលុកនៅតាមបណ្តាភូមិនានានៅភាគនិរតីខេត្ត Kirkuk។ កងកម្លាំងយោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធនេះថាកងពលតូចទី២ al-Hashd al-Shaabi និងប៉ូលិសសហព័ន្ធបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងទីតាំងរបស់ពួក IS ដែលស្ថិតតាមបណ្តាភូមិក្នុងទីក្រុង Hawija។ កងកម្លាំងបានសម្លាប់ពួកសកម្មប្រយុទ្ធ៣នាក់ និងរឹបអូសផ្លូវរូងក្រោមដី និងទីជម្រករបស់ពួកគេ។ កងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងកងទាហានប៉ារ៉ាបានធ្វើការវាយប្រហារចាប់តាំងពីខែតុលា ឆ្នាំ២០១៦ដើម្បីធ្វើការកាន់កាប់ឡើងវិញលើដែនដីដែលគ្រប់គ្រប់ដោយរដ្ឋអ៊ីស្លាម។ ចាប់តាំងពីពេលនោះមកកងកម្លាំងបានកាន់កាប់ឡើងវិញលើអតីតរាជធានីម៉ូស៊ូល ទីក្រុង Tal Afar ទីក្រុង Hawija ស្ថិតនៅក្នុងខេត្ត Kirkuk និងទីក្រុង Annah ទីក្រុង Rawa និងទីក្រុង Qaim ដែលស្ថិតនៅក្នុងខេត្ត Anbar។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះសង្រ្គាមប្រឆាំងនឹងរដ្ឋអ៊ីស្លាមបានធ្វើអោយប្រជាជនយ៉ាងហោចណាស់៥លាននាក់ផ្លាស់ទីលំនៅ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានភៀសខ្លួនទៅកាន់ប្រទេសជិតខាងរួមមានប្រទេសស៊ីរី ទួរគី និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតចាប់តាំងពីពួក IS បានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសនេះ៕