អាហ្វ្រិកខាងត្បូង៖ កម្មករចំនួន៩៥៥នាក់ដែលជាប់គាំងក្នុងអណ្តូងរ៉ែមាសចេញមកវិញដោយសុវត្ថិភាព

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០១៨

កម្មករ៩៥៥នាក់ជាប់នៅក្នុងអណ្តូងរ៉ែមាសនៅអាហ្វ្រិកខាងត្បូងបានត្រឡប់មកវិញដោយសុវត្ថិភាព។ ពួកគេជាប់គាំនៅក្រោមដីចាប់តាំងពីការដាច់ភ្លើងកាលពីយប់ថ្ងៃពុធខណៈដែលម៉ាស៊ីនភ្លើងបម្រុងមិនដំណើរការ។ “អ្នករាល់គ្នាចេញ” នេះជាសម្តីរបស់លោក James Wellste អ្នកនាំពាក្យក្រុមហ៊ុនប្រតិបត្តិការ Sibanye-Stillwater។ គាត់បាននិយាយថាមានករណីខ្វះជាតិទឹក និងសម្ពាធឈាមខ្ពស់ ប៉ុន្តែគ្មានអ្វីធ្ងន់ធ្ងរនោះទេ។ លោកស្រី Pumza Fihlani របស់ BBC នៅអាហ្វ្រិកខាងត្បូងនិយាយថាមានទិដ្ឋភាពរីករាយមួយដែលកម្មកររ៉ែបានត្រឡប់មកវិញនៅពេលព្រឹកនេះ។ ឆ្លងកាត់ប៉ុន្មានរាត្រីមកនេះ សមាជិកក្នុងសហគមន៍មូលដ្ឋាន និងកម្មករផ្សេងទៀតបានប្រុងប្រយ័ត្ននៅខាងក្រៅអណ្តូងរ៉ែ ហើយបានអធិស្ឋានសម្រាប់ការត្រឡប់មកវិញរបស់កម្មកររ៉ែទាំងនោះ។ អា​ហ្វ្រិក​ខាងត្បូងជាអ្នកផលិតមាសឈានមុខគេ ប៉ុន្តែសុវត្ថិភាពនៅក្នុងឧស្សាហកម្មនេះជាញឹកញាប់តែងតែមានភាពសង្ស័យ។ អណ្តូងរ៉ែ Beatrix ស្ថិតនៅក្នុងទីក្រុងវែលខឹមដែលមានចម្ងាយប្រមាណជា២៩០គីឡូម៉ែត្រ (១៨០ម៉ាយ) ភាគនិរតីទីក្រុងជូហាន។ វាជាកម្មសិទ្ធិ របស់ក្រុមហ៊ុនរុករករ៉ែ Sibanye-Stillwater ដែលមាន២៣កម្រិតជម្រៅរហូតទៅដល់១,០០០ម៉ែត្រ (៣,២៨០ហ្វីត) នៅក្រោមដី។ គ្រោះថ្នាក់នេះកើតឡើងនៅពេលព្យុះមួយបក់បោក ហើយប្រព័ន្ធអេឡិចត្រូនិចត្រូវបានកាត់ផ្តាច់នៅតំបន់នោះនាំឱ្យមានការដាច់ថាមពលដ៏ធំមួយ។ ប៉ុន្តែទីបំផុតនៅថ្ងៃសុក្រនេះអគ្គីសនីត្រូវបានស្ដារឡើងវិញដើម្បីលើកឱ្យមានការបើកឱ្យកម្មករចេញមកខាងក្រៅ។ លោក Mike Khonto កម្មករក្នុងអណ្តូងរ៉ែបាននិយាយថា វាគឺធ្វើឲ្យមានការព្រួបារម្ភ ហើយមិនមានខ្យល់គ្រប់គ្រាន់ ហើយសូមអរគុណអ្នកគ្រប់គ្រងរបស់យើងដែលបានចាត់ចែងឱ្យយើងទទួលបានស្បៀងអាហារ និងទឹក។ ពួកគេកំពុងត្រូវបានគេយកទៅទទួលទានអាហារ និងងូតទឹកសំអាត មុនពេលទៅពិនិត្យសុខភាព។ សមាជិកគ្រួសារមានការព្រួយបារម្ភ ហើយបានប្រមូលផ្តុំគ្នានៅតាមផ្លូវទៅកាន់អណ្តូងរ៉ែ ប៉ុន្តែត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខផងដែរ។ លោក វីលស្ត៍ បាននិយាយថាមិនមានការចង្អុលបង្ហាញអ្វីឡើយរហូតមកដល់ពេលនេះថាស្ថិតក្នុងភាពអាសន្ន ប៉ុន្តែវាជាបទពិសោធដ៏រន្ធត់មួយផងដែរ។ មានមនុស្សស្លាប់ជាង៨០នាក់ត្រូវបានកត់ត្រានៅក្នុងការអណ្តូងរ៉ែនៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here