បុរសជនជាតិអង់គ្លេសម្នាក់ត្រូវចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៨

បុរសជនជាតិអង់គ្លេសម្នាក់ដែលបានប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរីរងការចោទប្រកាន់ពីបទល្មើសភេរវកម្មចំនួន៣ករណី។ លោក Aidan James ជាឪពុកម្នាក់មកពីទីក្រុង Formby នៃទីក្រុង Merseyside បានបង្ហាញខ្លួននៅតុលាការ Westminster Magistrates កាលពីថ្ងៃសុក្រនេះ។ បុរសវ័យ២៧ឆ្នាំនេះបានធ្វើការប្រយុទ្ធដោយសហការជាមួយនឹង YGP កងជីវពលឃើដ។ ការចោទប្រកាន់ទី១គឺគាត់ជាប់ពាក់ព័ន្ធនឹងការរៀបចំអំពើភេរវកម្ម និងការចោទប្រកាន់ទី២គឺការចូលកន្លែងសម្រាប់ការបណ្តុះបណ្តាភេរវករ។ តុលាការបានដឹងថាលោក James បានចាកចេញពីចក្រភពអង់គ្លេសកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ធ្វើដំណើរទៅអ៊ីរ៉ាក់តាមហ្ស៊កដានី។ តុលាការបានឱ្យដឹងទៀតថាក្រោយមកគាត់បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីវិញ។ លោក James ត្រូវបានគេចាប់ខ្លួននៅពេលវិលត្រឡប់មកកាន់ចក្រភពអង់គ្លេសវិញនៅឯព្រលានយន្តហោះ Liverpool កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងមកនេះ។ គាត់ត្រូវបញ្ជូនទៅឃុំឃាំងរងចាំការបើកសវនាការនៅ Old Bailey នាថ្ងៃទី១ ខែមីនាខាងមុខនេះ។

ការវិភាគ ដោយ Emma Vardy អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC News

លោក Aidan James គឺជាមនុស្សទី២នៅក្នុងមួយសប្តាហ៍ និងត្រូវបង្ហាញខ្លួននៅក្នុងតុលាការដែលរងការចោទប្រកាន់ពីបទភេរវកម្មបន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម។ តាំងពីឆ្នាំ២០១៥រដ្ឋាភិបាលបានព្រមានជាញឹកញាប់ ដល់ជនជាតិអង់គ្លេសទាំងអស់ដែលចូលរួមប្រយុទ្ធជាមួយក្រុមឃើដនៅប្រទេសស៊ីរី ថាសកម្មភាពរបស់ពួកគេអាចប្រឈមមុខនឹងការរំលោភច្បាប់ភេរវកម្មរបស់ចក្រភពអង់គ្លេស។ ក្រុមប៉ូលិសប្រឆាំងភេរវកម្មក្នុងតំបន់ Prevent ក៏បានព្យាយាមធ្វើអន្តរាគមន៍ក្នុងករណីពលរដ្ឋអង់គ្លេសដែលប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។ ភាគច្រើនយុទ្ធជនស្ម័គ្រចិត្តទាំងនេះត្រូវបានគេចាប់ខ្លួន នៅពេលវិលត្រឡប់ដោយត្រូវរង់ចាំការរកឱ្យឃើញថាតើមានការល្មើសនឹងផ្នែកច្បាប់ធ្ងន់ធ្ងរដែរឬទេ។ ពួកគេបានបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពរបស់ពួកគេដោយនិយាយថាពួកគេនៅជាមួយភាគីដូចគ្នានឹងក្រុមចម្រុះបស្ចិមប្រទេសប្រយុទ្ធប្រឆាំងនឹងក្រុម IS៕

LEAVE A REPLY

Please enter your comment!
Please enter your name here