ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨
ការផ្ទុះសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ នៅភាគឦសាននៃប្រទេស Nigeria ខណៈដែលអ្នកស្រុកនិយាយថា ចំនួនអ្នកស្លាប់មានច្រើនជាងនេះក្នុងការវាយប្រហារធំបំផុត អស់រយៈពេលជាច្រើនសប្តាហ៍។ ការវាយប្រហារធ្វើឡើងដោយក្រុមបះបោរ Boko Haram សកម្មប្រយុទ្ធអ៊ីស្លាមនិយម។
ក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយចេញនៅថ្ងៃអាទិត្យប៉ូលិសនិយាយ ថាមនុស្ស២០នាក់ស្លាប់ និងមនុស្ស ៤៨នាក់រងរបួស។ អ្នកស្រុក២នាក់ រៀបរាប់ថាយ៉ាងហោចណាស់មាន មនុស្ស៣១នាក់ស្លាប់។ ការផ្ទុះនេះកើតឡើងនៅតំបន់រដ្ឋបាល Damboa ភាគខាងត្បូងនៃរដ្ឋ Borno នៅថ្ងៃសៅរ៍នៅម៉ោងប្រហែល ០៨ និង ៣០ នាទីយប់។
សាក្សីនិយាយថា យ៉ាងហោចណាស់មានការវាយប្រហារគ្រាប់រ៉ុក្កែតមួយ។ សន្តិសុខក្នុងប្រទេស Nigeria ក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រធានាធិបតី Muhammadu Buhari។ លោកជាអតីតមេដឹកនាំ យោធាដែលទទួលជ័យលាភីការបោះឆ្នោតឆ្នាំ២០១៥ ដោយសារតែការប្តេជ្ញាកំទេចពួកក្រុម Boko Haram។
វាជាបញ្ហាចោទមួយក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០១៩ ។ លោក Buhari និយាយថាគាត់នឹងស្វែងរកអាណត្តិទីពីរ។ រដ្ឋBorno រងគ្រោះបំផុតដោយការបះបោរ សម្លាប់មនុស្សជាង ៣០,០០០ នាក់និងបង្ខំឱ្យមនុស្សច្រើនជាង ពីរលាននាក់ភៀសខ្លួនចេញពីលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០៩ ។ ការផ្ទុះកើតឡើងក្នុងស្រុក Shuwari និង Abachari មានចំងាយប្រហែល៩០គីឡូម៉ែត្រ ពីរដ្ឋធានី Maiduguri។ អ្នកស្រុកឈ្មោះ Modu Usman ជាកូនប្រុសរបស់មេដឹកនាំសហគមន៍ម្នាក់និយាយថា មនុស្សស្លូតត្រង់ចំនួន៣១នាក់ ដែលរួមមានទាំងកុមារនិងមនុស្សចាស់ក៏ត្រូវគេសម្លាប់ផងដែរ។