ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨
ប្រភពសន្តិសុខមួយនិយាយកាលពីថ្ងៃអង្គារនេះថា មនុស្ស៣នាក់ ក្នុងចំណោម៦នាក់ ដែលបានចាប់ពង្រត់ដោយពួករដ្ឋអ៊ីស្លាមកាលពីដើមសប្តាហ៍នេះត្រូវដោះលែងឲ្យត្រឡប់មកវិញជាថ្នូរនឹងការលោះ។ ប្រភពព័ត៌មាន Baghdad Today ថាមនុស្ស៣នាក់ក្នុងចំណោមមនុស្សដែលត្រូវចាប់ពង្រត់បានដោះលែងឲ្យរួចខ្លួនវិញហើយ។
កងកម្លាំងសន្ដិសុខបានទទួលអ្នកត្រូវដោះលែងនៅតំបន់វាលខ្សាច់មួយស្ថិតភាគខាងជើងខេត្ត Salahuddin។ យោងតាមប្រភពអនាមិកបានឲ្យដឹងថា អ្នកត្រូវចាប់ពង្រត់៣នាក់មកដល់ទីបញ្ជាការប្រតិបត្តិការខេត្តDiyala កាលពីម្សិលមិញ។ គួររំលឹកថាក្រុមសកម្មប្រយុទ្ធផ្សាយតាមវីដេអូមួយ ដែលបង្ហោះនៅលើគេហទំព័រឃោសនារបស់ពួកគេដែលមនុស្ស១៧នាក់ត្រូវចាប់ពង្រត់នៅលើផ្លូវរវាងខេត្ត Kirkuk និងរដ្ឋធានីបាដាដ។
ក្នុងចំណោមអ្នកទាំងនោះមានបុរស ៦នាក់បង្ហាញខ្លួននៅក្នុងវីដេអូដែលចេញផ្សាយកាលពីដើមសប្ដាហ៍នេះ។ កាលពីល្ងាចថ្ងៃចន្ទ អ៊ីរ៉ាក់ធ្វើប្រតិបត្តិការរួមបានបដិសេធចំពោះការរំដោះប្រជាជន៦នាក់ដែលត្រូវចាប់ពង្រត់ដោយរដ្ឋអ៊ីស្លាម។ ការបដិសេធនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពី របាយការណ៍ព័ត៌មានដកស្រង់ប្រភពមកពីក្រសួងមហាផ្ទៃដែលថា កងទ័ពបានរំដោះអ្នកដែលត្រូវចាប់ពង្រត់៦នាក់នៅក្នុងខេត្តKirkuk។
ក្រុមសកម្មប្រយុទ្ធធ្វើការគំរាមកំហែងកាលពីថ្ងៃអាទិត្យក្នុងវីដេអូដែលចេញផ្សាយនៅលើភ្នាក់ងារឃោសនា Amaq របស់ពួកគេដែលបង្ហាញខ្លួនបុរស៦នាក់ដែលមានផ្ទៃមុខពោរពេញដោយស្នាមជាំ។ អ្នកដែលជាប់ឃុំឃាំងទាំងនោះគឺជាសមាជិកប៉ូលិសអ៊ីរ៉ាក់ និងកងកម្លាំងចលនានិយមត្រូវចាប់ពង្រត់កាលពីសប្ដាហ៍មុននៅលើផ្លូវតភ្ជាប់ពីរដ្ឋធានីបាដាដឆ្ពោះទៅកាន់ខេត្ត Kirkuk។
