ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨
ការបំផ្ទុះគ្រាប់បែកនៅភាគខាងកើតទីក្រុង Jalalabad សម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់ ហើយពួកគេភាគច្រើនជាសមាជិកនៃសាសនា Sikh។ ប៉ូលិសនិយាយថាពួកគេធ្វើដំណើរក្នុងរថយន្តដើម្បីជួបជាមួយលោកប្រធានាធិបតី Ashraf Ghani ដែលធ្វើទស្សនកិច្ចនៅខេត្ត Nangarhar នៅពេលអ្នកបំផ្ទុះគ្រាប់បែកធ្វើការវាយប្រហារ ក្នុងចំណោមអ្នកស្លាប់មានសមាជិកបេក្ខជនសាសនា Sikh ចំនួនម្នាក់ដែលត្រូវចូលរួមការប្រកួតប្រជែងការបោះឆ្នោតសភានៅខែតុលា។
ក្រុមរដ្ឋអ៊ីស្លាម (IS) និយាយថាពួកគេជាអ្នកធ្វើការវាយប្រហារនេះ។ លោក Ghani បានទៅសម្ភោធអគារមន្ទីរពេទ្យមួយនៅទីក្រុង Jalalabad អំឡុងដំណើរទស្សនកិច្ច២ថ្ងៃទៅកាន់ខេត្ត Nangarhar ។ ក្រុមមន្ត្រីនិយាយថាលោកមិនមានវត្តមានក្នុងតំបន់នោះទេ នៅពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតឡើង។ ស្ថានទូតឥណ្ឌានៅទីក្រុងកាប៊ុលថ្កោលទោសការវាយប្រហារភេរវកម្មនេះជាអំពើរឃោឃៅ។
លោក Awtar Singh Khalsa ជាបេក្ខជនកាន់ខាងសាសនា Sikh ចូលរួមការបោះឆ្នោតនៅថ្ងៃទី២០ ខែតុលា ត្រូវស្លាប់។ នាយកខាងមន្ទីរសុខាភិបាលខេត្ត Nangarhar លោក Najibullah Kamawal ប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា មនុស្សចំនួន១៧នាក់ស្លាប់ ក្នុងចំណោមអ្នកទាំងនោះជាអ្នកកាន់សាសនា Sikhs និង Hindus។ លោកបន្ថែមថា មានមនុស្ស២០នាក់ ផ្សេងទៀតរងរបួស។
អ្នកបំផ្ទុះគ្រាប់បែកតម្រង់គោលដៅលើរថយន្តដែលឆ្លងកាត់តំបន់ Mukhaberat នៅក្នុងទីក្រុង។ អ្នកនាំពាក្យអភិបាលខេត្តលោក Attaullah Khogyani និយាយថា ការផ្ទុះនេះបំផ្លាញហាង និងអគារយ៉ាងធ្ងន់ធ្ងរ។ សហគមន៍តូចៗនៃសាសនា Sikhs និង Hindus ដែលរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសសម្បូរជនជាតិម៉ូស្លីមដ៏លើសលប់។