ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨
ភាគីសង្រ្គាមស៊ូដង់ខាងត្បូងចោទប្រកាន់ដាក់អំពីការបាញ់សម្លាប់ជនស៊ីវិលចំនួន១៨នាក់ និងរំលោភលើកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយដែលមានបំណងបញ្ចប់ជម្លោះជិត៥ឆ្នាំ។ លោក Lul Ruai Koang អ្នកនាំពាក្យរដ្ឋាភិបាលយោធា (SPLA) និយាយថា ពួកឧទ្ទាមវាយប្រហារនៅស្រុក Maban ក្នុងរដ្ឋ Upper Nile ស្ថិតនៅភាគខាងជើងឆៀងខាងកើតជិតព្រំដែនជាមួយប្រទេសស៊ូដង់នៅថ្ងៃអាទិត្យ។
កងកម្លាំងរដ្ឋាភិបាលឆ្លើយតបក្នុងការជម្លោះឧទ្ទាមប្រយុទ្ធសម្លាប់ជនស៊ីវិលចំនួន១៨នាក់ និងរងរបួសចំនួន ៤៤នាក់។ អ្នកស្លាប់រួមមានជនជាតិអេត្យូពីចំនួន៣នាក់ និងស៊ូដង់២នាក់។ អ្នកនាំពាក្យបន្តថា តំបន់នេះមានភាពតានតឹងហើយសាកសពត្រូវគេយកទៅកប់។ ប្រជាជនមិនទាន់ត្រលប់ទៅផ្ទះវិញនៅឡើយទេ។ តំបន់នេះត្រូវបោះបង់ចោល។ លោក Lam Paul Gabriel អ្នកនាំពាក្យក្រុមប្រឆាំង SPLA-IO និយាយថា កងកម្លាំងរបស់ពួកគេទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយយោធាក្នុងតំបន់ Maban នៅថ្ងៃអាទិត្យហើយបដិសេធការវាយប្រហារជនស៊ីវិលដោយនិយាយថា មិនមែនជាគោលនយោបាយរបស់ SPLM-IO ដើម្បីវាយប្រហារលើស៊ីវិលនោះទេ។
ប្រទេសស៊ូដង់ខាងត្បូងធ្លាក់ទៅក្នុងសង្គ្រាមក្នុងឆ្នាំ២០១៣ បន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងប្រធានាធិបតី Salva Kiir និងអតីតអនុប្រធានាធិបតីលោក Riek Machar ផ្ទុះឡើងទៅជាការប្រឈមមុខដាក់គ្នាផ្នែកយោធា។ ការប្រយុទ្ធគ្នានេះបណ្តេញប្រជាពលរដ្ឋប្រមាណ ១/៤ នៃប្រជាពលរដ្ឋចំនួន ១២ លាននាក់ដែលជាកត្តាកាត់បន្ថយផលិតកម្មប្រេង និងបំផ្លាញសេដ្ឋកិច្ច។ សន្ធិសញ្ញាសន្តិភាពនៅសប្ដាហ៍មុនរួមមានបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃសៅរ៍ គឺជាការប៉ុនប៉ងលើកទី២ដោយក្រុមអ្នកសម្របសម្រួលក្នុងតំបន់ដើម្បីព្យាយាមបញ្ចប់សង្គ្រាមក្រោយពីធ្លាប់មានកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ២០១៥ ទទួលបរាជ័យ។
