ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨
ប៉ូលិសនិយាយថា មានមនុស្សចំនួន០៧នាក់ រងរបួសដោយសារគ្រាប់បែកតាមដងផ្លូវក្នុងរដ្ឋធានី Mogadishu នៅថ្ងៃចន្ទ។
ក្រោយពីកើតហេតុ ពុំមានក្រុមណាចេញមុខទទួលខុសត្រូវភ្លាមៗទេ។ ក្រុមអ៊ីស្លាមនិយម Al Shabaab ធ្វើការបំផ្ទុះគ្រាប់បែកជាញឹកញាប់ក្នុងការផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយបស្ចិមប្រទេស។
មន្ត្រីប៉ូលីសលោក Abdullahi Hussein ប្រាប់ភ្នាក់ងារ Reuters ថាគ្រាប់បែកនេះត្រូវគេដាក់នៅស្រុក Benadir ហើយពេលនោះពុំមានយាន្តយន្តណាបើកកាត់ទីនោះទេ។ លោក Abdikadir Abdirahman ប្រធានផ្នែកសង្គ្រោះបន្ទាន់និយាយថា អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រទេសសូម៉ាលីរងការវាយប្រហារដោយអំពើហិង្សា និងគ្មានច្បាប់ចាប់តាំងពីមានការផ្តួលរំលំរបបផ្តាច់ការរបស់លោក Mohamed Siad Barre នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ ក្រុម Al Shabaab ចង់បង្កើតរដ្ឋាភិបាលរបស់ខ្លួនដោយផ្អែកលើការអនុវត្តច្បាប់អ៊ីស្លាមយ៉ាងតឹងរឹង។
យុទ្ធនាការនៃអំពើហឹង្សារបស់ក្រុមនេះផ្តោតសំខាន់លើកងកម្លាំងរក្សាសន្ដិភាពយោធាអាហ្រ្វិក (AMISOM) ។ ទោះបីជាគេចោទថាសកម្មប្រយុទ្ធកំណត់គោលដៅលើជនស៊ីវិល ក៏ពួកគេបដិសេធមិនបានធ្វើ។ នៅថ្ងៃអាទិត្យក្រុម Al Shabaab អះអាងថាខ្លួនជាអ្នកធ្វើការវាយប្រហារជនស៊ីវិលចំនួន០៤នាក់ ស្លាប់ក្នុងរដ្ឋធានីMogadishu។
