ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨
ទីភ្នាក់ងារព័ត៌មានរដ្ឋនិយាយនៅថ្ងៃអាទិត្យថា សមាជិកកងកម្លាំងសន្ដិសុខអារ៉ាប៊ីសាឌីត និងជនបង់ក្លាដែសម្នាក់ត្រូវគេសម្លាប់ក្នុងការវាយប្រហារមួយនៅច្រកសន្តិសុខតំបន់ Buraidah ក្នុងខេត្ត Qassim ស្ថិតនៅភាគខាងជើងរដ្ឋធានី Riyadh ។
ភេរវករចំនួន៣នាក់ធ្វើការបាញ់ប្រហារនៅច្រកសន្តិសុខដែលមានទីតាំងក្នុងតំបន Buraidah លើផ្លូវ Buraidah-Tarafiya ក្នុងខេត្ត Qassim ។ សេចក្តីថ្លែងការណ៍ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ (SPA) និយាយថា កងកម្លាំងសន្តិសុខបាញ់តបលើភេវករកវិញសម្លាប់ភេរវករចំនួន២នាក់ និងរងរបួសម្នាក់។
សេចក្តីថ្លែងការណ៍បន្ថែមថាអាជ្ញាធរចាប់ផ្តើមធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលជាប្រធានបទនៃការតាមដានបញ្ហាសន្តិសុខ និងការអភិវឌ្ឍត្រូវគេប្រកាសក្នុងពេលកំណត់។ ខេត្ត Qassim ជាទឹកដីបេះដូងនៃក្រុមសាសនាអ៊ីស្លាមនិកាយស៊ុននីជ្រុលនិយមដែលជាផ្នែកអភិរក្សបំផុតក្នុងប្រទេសនោះ។
ក្រុមអ្នកវិភាគនិយាយថាយុវជនវ័យក្មេងជាច្រើនមកពីតំបន់នោះចូលរួមជាមួយក្រុមអាល់កៃដាក្នុងប្រទេសយេម៉ែន ឬក្រុមសកម្មប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារទៅលើកងសន្តិសុខរបស់ប្រទេសអារ៉ាប៊ីសាឌីតកើនឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីអាជ្ញាធរធ្វើការបង្ក្រាបកុបកម្មក្រុមអាល់កៃដាជាងមួយទសវត្សរ៍មកហើយ។
