ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៨
ប្រភពសន្តិសុខមួយនិយាយថាកសិករជនជាតិអ៊ីរ៉ាក់ម្នាក់រងរបួសកាលពីថ្ងៃចន្ទ បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ផ្ទុះឡើងនៅលើស្ពានមួយស្ថិតនៅក្នុងទីក្រុងJalawla ខេត្តDialya។ ថ្លែងប្រាប់សារព័ត៌មាន Algahd ប្រភពនិយាយថាគ្រាប់បែកផ្ទុះឡើង ខណៈកសិករមួយក្រុមឆ្លងកាត់ស្ពានមួយស្ថិតនៅក្នុងភូមិUmm al-Henta ជាយក្រុងJalawla ខេត្តDiyala បណ្តាលឲ្យកសិករម្នាក់រងរបួស។
យោងតាមប្រភពនេះកសិករដែលរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសកើនឡើងបន្ថែមទៀតជាមួយនឹងការលេចឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបន្សល់ទុកឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ (UNAMI) និយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំខែរបស់ខ្លួនស្តីពីចំនួនជនរងគ្រោះនៅក្នុងប្រទេសអ៊ីរ៉ាក់ថា ប្រជាជនសរុប៧៦នាក់ត្រូវសម្លាប់ និង១២៩នាក់ផ្សេងទៀតរងរបួសដោយសារអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធកាលពីខែមិថុនាកន្លងមកនេះ។
បើយោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថាខេត្ត Diyala គឺជាខេត្តទទួលរងផលប៉ះពាល់អាក្រក់បំផុត ដែលមានជនស៊ីវិល៥២នាក់ស្លាប់ និង៣៦នាក់រងរបួស បន្ទាប់មកគឺខេត្ត Kirkuk ដែលមានជនស៊ីវិល១០នាក់ស្លាប់ ៣៦នាក់រងរបួស ហើយនិងរដ្ឋធានីបាដាដមានជនស៊ីវិល១៩នាក់ស្លាប់ និង១៨នាក់រងរបួស។ ចំណែកឯខេត្ត Anbar មិនមានអ្នកស្លាប់តែមានអ្នករងរបួស៧នាក់។