ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨
ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយកើតឡើងនៅអាកាសយាន្តដ្ឋានក្បែរទីក្រុងកាប៊ុលសម្លាប់មនុស្សចំនួន១៦នាក់ និងមនុស្ស៦០នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងបន្ទាប់ពីអនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Abdul Rashid Dostum ចាកចេញពីព្រលានយន្តហោះត្រលប់ចូលស្រុកកំណើតវិញ នេះបើយោងតាមប្រភពព័ត៌មានទូរទស្សន៍ Tolo ផ្សាយនៅថ្ងៃអាទិត្យដកស្រង់ព័ត៌មានពីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន។
យោងតាមប្រភពព័ត៌មានទូរទស្សន៍នោះបញ្ជាក់ថា មនុស្សស្លាប់ និងរបួសភាគច្រើនជាមន្រ្តីប៉ូលិស។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះខ្លួនឯងក្នុងចំណោមអ្នកគាំទ្រលោក Dostum នៅក្បែរព្រលានយន្តហោះនៅពេលគាត់ចាកចេញចូលទៅក្នុងរថយន្ត។ លោក Dostum ត្រឡប់ចូលស្រុកកំណើតវិញក្រោយពីការនិរទេសខ្លួនទៅប្រទេសទួរគី។ ប្រទេសទួរគីជាកន្លែងដែលគាត់ភៀសខ្លួនក្នុងឆ្នាំ២០១៧។
ការវាយប្រហារនេះមិនបណ្តាលឲ្យអនុប្រធានាធិបតីរងរបួសនោះទេ។ ពុំមានក្រុមភេរវជននៅប្រទេសអាហ្វហ្គានីស្ថានចេញមុខអះអាងនៅពីក្រោយការវាយប្រហារនេះទេ។