ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨
ទីភ្នាក់ងារព័ត៌មានរដ្ឋ MENA ផ្សាយនៅថ្ងៃអង្គារថា កងកម្លាំងសន្តិសុខអេហ្ស៊ីបសម្លាប់មនុស្សមួយក្រុម ចំនួន១៣នាក់សង្ស័យជាសកម្មប្រយុទ្ធអ៊ីស្លាមក្នុងប្រតិបត្តិការបាញ់ប្រហារមួយក្នុងរដ្ឋធានីអាល់អារីស (Al-Arish) នៅភាគខាងជើងឧបទ្វីបSinai។ នៅខែកុម្ភៈ រដ្ឋាភិបាលចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលធ្លាប់ធ្វើការវាយប្រហារជាច្រើនឆ្នាំលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល។ ការវាយប្រហារនោះសម្លាប់មនុស្សរាប់រយនាក់។
សារព័ត៌មានរដ្ឋ MENA និយាយថា ជនសង្ស័យទាំងនោះត្រូវគេសំលាប់ក្រោយពីពួកគេបាញ់ប្រហារលើកម្លាំងសន្តិសុខម្នាក់ដោយពេលនោះកម្លាំងសន្តិសុខម្នាក់នោះទៅជិតពួកគេក្នុងផ្ទះកំពុងសាងសង់នៅal-Arish។ ទីនោះជាកន្លែងដែលពួកគេប្រើប្រាស់សម្រាប់លាក់ខ្លួន។
របាយការណ៍និយាយថា គេរកឃើញគ្រឿងផ្ទុះ និងអាវុធនៅកន្លែងកើតហេតុ។ គេមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យបានទេ។ របាយការណ៍នេះពុំបានលំអិតពីការស្លាប់ ឬរបួសរបស់កងកម្លាំងសន្ដិសុខឡើយ។ក្នុងខែវិច្ឆិកាលោកប្រធានាធិបតី Abdel Fattah al-Sisi បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធកម្ចាត់ពួកសកម្មប្រយុទ្ធក្នុងរយៈពេលបីខែ ក្រោយពីមានការវាយប្រហារលើវិហារអ៊ីស្លាមនៅឧបទ្វីបSinai។
ការវាយប្រហារនោះ សម្លាប់មនុស្សច្រើនជាង៣០០នាក់។ ការកម្ចាត់ពួកអ៊ីស្លាម និងការស្ដារសន្តិសុខឡើងវិញ ក្លាយជាការសន្យារបស់លោក Sisi ។ ក្រុមអ្នករិះគន់លោក Sisi និយាយថា លោកប្រធានាធិបតីបង្កើតឲ្យមានការបង្រ្កាបដ៏ឃោឃៅលើក្រុមអ្នកប្រឆាំង ប៉ុន្តែអ្នកគាំទ្រនិយាយថាវិធានការបែបនេះគឺចាំបាច់ដើម្បីធ្វើឱ្យប្រទេសអេហ្ស៊ីបមានស្ថិរភាព ដោយប្រទេសនេះរងការរំខានដោយភាពចលាចលជាច្រើនឆ្នាំ ក្រោយពីមានការតវ៉ាទម្លាក់មេដឹកនាំជើងចាស់ Hosni Mubarak ក្នុងឆ្នាំ២០១១។
