ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨
ទោះបីជាក្រុមសម្ព័ន្ធមិត្តលោកខាងលិចប្រកាសជ័យជម្នះលើរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន ក៏ពួកឧទ្ទាមនៅមានសកម្មភាពដដែល។ ទីប្រឹក្សាសន្តិសុខរដ្ឋាភិបាលប្រាប់ភ្នាក់ងារ RT ថា ប្រជាជនអ៊ីរ៉ាក់ជាច្រើនត្រូវគេចាប់ពង្រត់ជារៀងរាល់ខែ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមានសភាពស្ងប់ស្ងាត់។
ក្រុមសម្ព័ន្ធមិត្តលោកខាងលិចប្រកាសពីប្រទេសអ៊ីរ៉ាក់ត្រូវបានរំដោះទាំងស្រុងពីរដ្ឋអ៊ីស្លាម (IS/ISIS) ក្នុងខែធ្នូ ប៉ុន្តែសកម្មភាពពួកគេមិនបានបញ្ឈប់។ ជាក់ស្តែង សកម្មភាពពួកឧទ្ទាមកំពុងតែកើនឡើងជាលំដាប់ដោយចំនួនជនជាតិអ៊ីរ៉ាក់ជាច្រើនត្រូវចាប់ខ្លួន និងសម្លាប់ដោយក្រុមភេរវករ នេះយោងតាមប្រសាសន៍របស់លោក Hisham al-Hashimi ។
ប្រជាជនអ៊ីរ៉ាក់ដែលត្រូវក្រុម IS ចាប់ជំរិតមានចំនួនកើនឡើងទ្វេដងចាប់តាំងពីខែឧសភា ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៅតែមានសភាពស្ងៀមស្ងាត់ដដែល។ លោក Al-Hashimi ប្រាប់ភ្នាក់ងារ RT ថាសកម្មភាពមិនផ្សាយព័ត៌មានដូច្នេះដោយរដ្ឋាភិបាលមិនចង់ធ្វើឱ្យមានការភ័យស្លន់ស្លោ និងរារាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។
ពួកសកម្មប្រយុទ្ធ IS ហាក់ដូចជាមិនទាន់ចាកចេញភ្លាមៗ ខណៈដែលពួកគេបន្តការគំរាមកំហែង និងការធ្វើឃាតលើអ្នកស្រុក។ រដ្ឋាភិបាលកំពុងតស៊ូកម្ចាត់ពួកជ្រុលនិយមជីហាដដែលកំពុងលាក់ខ្លួននៅតំបន់ភ្នំដាច់ស្រយាល។ លោក al-Hashimi និយាយថាកម្លាំងពិសេសមិនមានធនធានគ្រប់គ្រាន់ដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធទេ។
