ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨
អ្នកកាសែតជនជាតិរុស្ស៊ីចំនួន៣នាក់ត្រូវសម្លាប់ ក្នុងការវាយឆ្មក់មួយនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ក្រសួងការបរទេសរុស្ស៊ីនិយាយថាខ្លួនកំពុងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបង្កើតអត្តសញ្ញាណរបស់ពួកគេ។ ចំពោះសាកសពត្រូវគេរាយការណ៍រកឃើញនៅលើផ្លូវមួយក្បែរទីប្រជុំជន Sibut ។
មិនទាន់មានការទទួលខុសរបស់ក្រុមណាមួយនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែក្រុមកងជីវពលជាច្រើនកំពុងមានសកម្មភាពនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលផងដែរ។ ប្រទេសនេះត្រូវគេមើលឃើញជម្លោះជនជាតិ និងសាសនាចាប់តាំងពីការបះបោររបស់ពួកឧទ្ទាមឆ្នាំ២០១៣មកម្លេះ។
ទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់សម្តីលោកអភិបាលក្រុង Sibut ថាមនុស្ស៣នាក់ត្រូវសម្លាប់នៅម៉ោងក្នុងស្រុកប្រហែល ២២:០០យប់កាលពីថ្ងៃច័ន្ទ (ម៉ោង ២១:០០GMT)។ អ្នកបើកបររួចជីវិតពីហេតុការណ៍នេះផងដែរ។
ស្ថានីយ៍វិទ្យុឯករាជ្យមួយរបស់រុស្សីនិយាយថា ក្រុមនេះកំពុងបង្កើតឯកសារមួយស្តីពីក្រុមទាហានស៊ីឈ្នួលរុស្សី គឺក្រុម Wagner ដែលមានសកម្មភាពនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រុម Wagner ក្នុងប្រទេសស៊ីរី ដែលគេជឿមានក្រុមយុទ្ធជនរហូតដល់ទៅ ២,៥០០នាក់ហើយត្រូវដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ចំពោះការពាក់ព័ន្ធនៅក្នុងជម្លោះអ៊ុយក្រែនផងដែរ។
ប្រទេសរុស្ស៊ីដើរតួយ៉ាងសំខាន់ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងឆ្នាំកន្លងទៅដែលទទួលយល់ព្រមពីអង្គការសហប្រជាជាតិ ដើម្បីហ្វឹកហ្វឺន និងជួយដល់កងទ័ពរបស់ប្រទេសនេះកាលពីខែធ្នូ។