ប្រភពព័ត៌មានពី Albawaba ចេញផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨
ប្រភពព័ត៌មាននិយាយនៅថ្ងៃពុធថា ការប្រយុទ្ធគ្នាក្រុមចម្រុះដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុម ISIS ត្រូវគេចាត់ទុកថាជាសមរភូមិដ៏សំខាន់បំផុតនៅភាគខាងកើតប្រទេសស៊ីរីនៅជិតព្រំដែនអ៊ីរ៉ាក់។
ក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈបង្ហាញថា ពួកគេខ្លួនកំពុងរៀបចំប្រតិបត្តិការក្នុងតំបន់ Hajin ស្ថិតក្នុងខេត្ត Deir Ezzor ដើម្បីប្រឆាំងនឹងមូលដ្ឋានក្រុម ISIS មានសមាជិក១.០០០នាក់។ តំបន់ Hajin ត្រូវគេចាត់ទុកថាជាទីតាំងរឹងមាំចុងក្រោយក្រុម ISIS ក្នុងតំបន់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Robertson ប្រាប់ភ្នាក់ងារ Asharq Al-Awsat ថាការប្រយុទ្ធគ្នានៅតំបន់ Hajin ជាប្រតិបត្តិការចុងក្រោយធ្វើឡើងដោយក្រុមចម្រុះ ហើយប្រតិបត្តិការនេះនឹងបញ្ចប់វត្តមានក្រុម ISIS ទាំងស្រុង។ លោកជឿថាការប្រយុទ្ធនេះនឹងមានភាពខ្លាំងក្លា និងចំណាយពេល២ទោ៣ខែ។
លោក Robertson សង្កត់ធ្ងន់ថាក្រុមចម្រុះរួមជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីកំពុងបង្កើនកម្លាំងរៀបចំសម្រាប់ប្រតិបត្តិការលើកទី៣ និងចុងក្រោយ។ បច្ចុប្បន្នក្រុម SDF កំពុងឃុំខ្លួនសមាជិកក្រុម ISIS រាប់ពាន់នាក់ ប៉ុន្តែមនុស្សប្រហែល៦០០នាក់ត្រូវគេកំណត់ថាជាអ្នកប្រយុទ្ធមកពីក្រៅប្រទេស។ ក្រុម SDF មិនមែនជាក្រុមភេរវករនោះទេ ប៉ុន្តែជាក្រុមចម្រុះប្រវត្តិសាស្រ្តមកពីជនជាតិភាគតិច លោក Robertson អះអាងនៅពេលលោកនិយាយការពារអ្នកប្រយុទ្ធ SDF ពីការចោទប្រកាន់គ្មានមូលដ្ឋានលើអំពើរភេរវកម្ម។
លោកសង្កត់ធ្ងន់បន្ថែមទៀតថា កងកម្លាំងក្រុម SDF ជាសម្ព័ន្ធមិត្តដែលអាចជឿទុកចិត្តក្នុងការរំដោះភាគខាងជើងស៊ីរី និងកម្ចាត់ក្រុមភេរវករ ISIS។ សម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម SDF ដើម្បីកម្ចាត់ក្រុម ISIS ជាអចិន្រ្តៃយ៍។