ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨
អាជ្ញាធរទួរគីឃាត់ខ្លួនបុរស២នាក់លើការបាញ់ប្រហារនៅស្ថានទូតអាមេរិកក្នុងរដ្ឋធានី Ankara នៅថ្ងៃចន្ទស្របពេលដែលមានភាពតានតឹងរវាងសម្ព័ន្ធមិត្តណាតូជុំវិញករណីកាត់ទោសអាចារ្យគ្រឹស្តអាមេរិកម្នាក់ក្នុងប្រទេសទួរគី។ គ្មាននរណាម្នាក់រងរបួសក្នុងការវាយប្រហារទេ នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យលោកប្រធានាធិបតី Tayyip Erdogan ដោយលោកធ្វើការថ្កោលទោសថា ជាការប៉ុនប៉ងមួយដើម្បីបង្កើតភាពវឹកវរ។
ក្រសួងការបរទេសទួរគីនិយាយថា ពួកគេបង្កើនសន្តិសុខសម្រាប់ស្ថានទូត និងបេសកកម្មបុគ្គលិកសហរដ្ឋ អាមេរិកនៅប្រទេសទួគី។ ការិយាល័យរបស់អភិបាលក្រុង Ankara និយាយថា អ្នកវាយប្រហារបាញ់គ្រាប់កាំភ្លើងចំនួន០៦គ្រាប់ នៅច្រកសន្តិសុខស្ថានទូតមានរថយន្តពណ៌សឆ្លងកាត់នៅម៉ោងប្រហែល ០៥:៣០នាទីព្រឹកម៉ោងក្នុងស្រុក ហើយគ្រាប់កាំភ្លើងចំនួន០៣គ្រាប់ ប៉ះទ្វារដែកនិងបង្អួច។
សេចក្តីថ្លែងការណ៍មួយទៀតនៅល្ងាចថ្ងៃចន្ទដោយនិយាយថា មានបុរសចំនួន2នាក់ក្នុងវ័យប្រហែល ៣០ឆ្នាំត្រូវឃាត់ខ្លួនជាមួយនឹងរថយន្ត និងកាំភ្លើង។ បុរសនោះសារភាពចំពោះការបាញ់ប្រហារនេះ។ ជនសង្ស័យទាំងពីរមានកំណត់ត្រាបទល្មើសព្រហ្មទណ្ឌហើយទំនាក់ទំនងរបស់ពួកគេត្រូវសមត្ថកិច្ចស៊ើបអង្កេត។
ស្ថានទូតបិទទ្វារនៅសប្ដាហ៍នេះដើម្បីប្រារព្ធពិធីបុណ្យអ៊ីស្លាម Eid al-Adha។ លោក David Gainer អ្នកនាំពាក្យស្ថានទូតមានប្រសាសន៍ថា លោកមិនមានសេចក្តីរាយការណ៍ពីការរងរបួសណាមួយទេ ហើយលោកកំពុងស៊ើបអង្កេតព័ត៌មានលម្អិតបន្ថែម។