ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨
ក្រុមសកម្មប្រយុទ្ធក្នុងតំបន់ Chechnya ធ្វើការវាយប្រហារជាបន្តបន្ទាប់លើប៉ូលិសនៅថ្ងៃចន្ទ។មេដឹកនាំក្នុងតំបន់ និងក្រុមមន្ត្រីអនុវត្តច្បាប់និយាយថា រដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវដោយពុំមានផ្តល់ភស្តុតាង។
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីនិយាយថា អ្នកវាយប្រហារប្រើកាំបិត២នាក់ព្យាយាមចូលទៅប៉ុស្តិ៍ប៉ូលិសក្នុងសង្កាត់ Shalinsky ធ្វើការវាយប្រហារបណ្តាលឲ្យមន្ត្រីប៉ូលិស២នាក់រងរបួស។ ភ្នាក់ងារព័ត៌មាន TASS រាយការណ៍ថា អ្នកវាយប្រហារទាំងពីរនាក់ត្រូវបាញ់សម្លាប់។
ក្រុមអ្នកស៊ើបអង្កេតនិយាយថា ឧប្បត្តិហេតុមួយផ្សេងទៀតក្នុងភូមិ Mesker-Yurt មានបុរសវ័យក្មេងម្នាក់បំផ្ទុះខ្លួនឯងនៅប៉ុស្តិ៍ប៉ូលិស ប៉ុន្តែមិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសទេ។ យោងតាមប្រភពពីក្រុមអ្នកស៊ើបអង្កេតបញ្ជាក់ឱ្យដឹងថា ហេតុការណ៍មួយទៀតកើតឡើងក្នុងក្រុង Grozny ប៉ូលិសបាញ់សម្លាប់អ្នកបើកបររថយន្ត Mercedes ដែលព្យាយាមបើកសំដៅទៅមន្ត្រីប៉ូលិសចរាចរណ៍ពីរនាក់។
ទីក្រុងម៉ូស្គូប្រយុទ្ធគ្នាពីរលើកជាមួយពួកបំបែកខ្លួននៅក្នុងសាធារណរដ្ឋអ៊ីស្លាម ដែលភាគច្រើនជាប្រជាជនអ៊ីស្លាមចាប់តាំងពីការបែកបាក់សហភាពសូវៀតឆ្នាំ១៩៩១ ប៉ុន្ដែការវាយប្រហារបែបនេះបានក្លាយទៅជារឿងដ៏កម្រនៅតំបន់ Chechnya ។
