ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
យ៉ាងហោចណាស់មានមីស៊ីលចំនួន២០គ្រាប់បាញ់ក្នុងទីក្រុងកាប៊ុលសំដៅលើតំបន់ស្ថានទូត និងជិតវិមានប្រធានាធិបតី។ ការវាយប្រហារនេះកើតឡើងនៅពេលលោកប្រធានាធិបតី Ashraf Ghani កំពុងថ្លែងក្នុងពិធីបុណ្យ Eid ។
យោងតាមប្រភពព័ត៌មានពី Tolo និយាយថា គ្រាប់មីស៊ីលធ្លាក់នៅផ្នែកផ្សេងគ្នាក្នុងទីក្រុងកាប៊ុលនៅព្រឹកថ្ងៃអង្គារ។ គ្រាប់មីស៊ីលវាយប្រហារជិតតំបន់ស្ថានទូត ហើយធ្លាក់ជិតវិមានប្រធានាធិបតី។ នៅថ្ងៃដដែលនោះ កម្លាំងប៉ូលិសរកឃើញសំណល់គ្រាប់ចំនួន២០នៅតំបន់នោះ។
គ្រាប់មីស៊ីលដំបូងបង្អស់ធ្លាក់នៅជិតកន្លែងប្រធានាធិបតី ហើយគ្រាប់ទី២ធ្លាក់នៅបរិវេណអង្គការណាតូ និងស្ថានទូតអាមេរិកក្នុងក្រុងកាប៊ុល។ គេមើលឃើញផ្សែងខ្មៅភាយឡើងពីអគារនៅពេលដែលឧទ្ធម្ភាគចក្រយោធាកំពុងហោះហើរនៅជិតវិហារ Eidgah ក្នុងស្រុក Reka Khana ជាកន្លែងដែលមានការប៉ះទង្គិច ។
សារព័ត៌មាន Tolo និយាយថា កម្លាំងសន្តិសុខសម្លាប់អ្នកបះបោរចំនួន២នាក់ក្រោយពីមានការវាយប្រហារ និងមានមនុស្ស២នាក់រងរបួស។
គេលឺសម្លេងផ្ទុះនៅផ្ទៃខាងក្រោយវិមានប្រធានាធិបតីលោកGhani កំពុងថ្លែងសារក្នុងពិធីបុណ្យ Eid។ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ការវាយប្រហារកើតឡើង២ថ្ងៃក្រោយពីលោក Ghani ប្រកាសបទឈប់បាញ់ជាមួយក្រុមពួកតាលីបង់មុនថ្ងៃអបអរបុណ្យ Eid។ ទោះបីជាយ៉ាងណាក្រុមនេះច្រានចោល មិនផ្តល់បទឈប់បាញ់នៅថ្ងៃចន្ទ។
