
ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨
ភ្នាក់ងារសារព័ត៌មាន TASS ដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ថ្លែងនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនទាន់ឆ្លើយតបចំពោះប្រទេសរុស្ស៊ីក្នុងការចូលរួមក្នុងកិច្ចចរចាសន្តិភាពស្តីពីអាហ្វហ្គានីស្ថានដែលមានវត្តមានក្រុមតាលីបង់។
ប្រទេសរុស្ស៊ីអញ្ជើញប្រទេសចំនួន១២ ក្នុងរាប់បញ្ចូលទាំងសហរដ្ឋអាមេរិកដើម្បីធ្វើកិច្ចចរចាសន្តិភាពអន្តរជាតិនៅទីក្រុងម៉ូស្គូនៅថ្ងៃទី០៤ ខែកញ្ញា ខណៈដែលរុស្ស៊ីកំពុងដើរតួយ៉ាងសំខាន់លើប្រទេសអាហ្វហ្គានីស្ថាន។
សហរដ្ឋអាមេរិកបដិសេធការអញ្ជើញរបស់រុស្ស៊ី ខណៈដែលមន្ត្រីក្រសួងការបរទេសអាហ្វហ្គានីស្ថានម្នាក់និយាយនៅថ្ងៃពុធថា ក្រុងកាប៊ុលនឹងមិនចូលរួមផងដែរ។ ការបដិសេធនេះសំអាងថា រដ្ឋាភិបាលនឹងធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយនឹងពួកតាលីបង់ដោយគ្មានការចូលរួមពីមហាអំណាចបរទេស។
ទោះជាយ៉ាងណាភ្នាក់ងារ TASS ដកស្រង់ព័ត៌មានពីលោកស្រី Zakharova និយាយនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងម៉ូស្គូកំពុងបញ្ចប់បញ្ជីវត្តមានអ្នកចូលរួមនៅក្នុងកិច្ចចរចា និងមិនទាន់ទទួលចម្លើយផ្លូវការពីក្រុងកាប៊ុលទេ។
