ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
កងកម្លាំងសន្តិសុខអ៊ីរ៉ង់សម្លាប់សកម្មប្រយុទ្ធចំនួន០២នាក់ និងចាប់ខ្លួន១៤នាក់ ក្នុងប្រតិបត្ដិការដាច់ដោយឡែកចំនួន២នៅភាគខាងលិចប្រទេស នេះបើតាមសម្តីរដ្ឋមន្ត្រីស៊ើបអង្កេតអ៊ីរ៉ង់លោក Mahmoud Alavi មានប្រសាសន៍នៅថ្ងៃចន្ទ។
លោកមិនបញ្ជាក់ថា ប្រតិបត្ដិការនេះធ្វើឡើងនៅពេលណានោះទេ។ លោកបន្ថែមថា យ៉ាងហោចណាស់មានពួកសកម្មប្រយុទ្ធមួយចំនួនបង្កប់នៅតាមព្រំដែនប្រទេសអ៊ីរ៉ង់ ប៉ុន្តែលោកមិនបញ្ជាក់ព័ត៌មានលម្អិតពីអត្តសញ្ញាណរបស់ពួកសកម្មប្រយុទ្ធនោះទេ។ ព្រំដែនអ៊ីរ៉ង់នៅភាគខាងលិចជាប់ជាមួយប្រទេសអ៊ីរ៉ាក់ និងតួកគី។
ក្នុងប៉ុន្មានខែថ្មីៗនេះកងកម្លាំងបដិវត្តន៍ប៉ះទង្គិចគ្នាជាច្រើនដងនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ជាមួយពួកសកម្មប្រយុទ្ធដែលឆ្លងកាត់ព្រំដែនចេញពីប្រទេសអ៊ីរ៉ាក់បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ភាគីទាំងពីរ។ លោក Alavi បន្តថាក្រុមភេរវករដែលចូលក្នុងប្រទេសជាមួយគោលដៅធ្វើសកម្មភាពបំផ្លិចបំផ្លាញ និងបង្ករអំពើភេរវកម្ម ត្រូវបានកំណត់ និងរារាំងមុនពេលពួកគេអាចធ្វើសកម្មភាពណាមួយ។ មន្រ្តីសន្តិសុខអ៊ីរ៉ង់និយាយថា ក្រុមភេរវករគឺសំដៅដល់ពួកសកម្មប្រយុទ្ធអ៊ីស្លាមស៊ុននីដែលស្បថសច្ចាថាជាសត្រូវរបស់ស៊ីអ៊ីតក្នុងប្រទេសអ៊ីរ៉ង់។
លោក Alavi បន្ថែមថា គ្រាប់បែកដៃ កាំភ្លើង AK-47 និងឧបករណ៍ទំនាក់ទំនងត្រូវរឹបអូស និងចាប់ខ្លួនក្រុមសកម្មប្រយុទ្ធមួយក្រុម។ ព្រំដែនប្រទេសអ៊ីរ៉ង់ជាមួយប្រទេសអ៊ីរ៉ាក់មានភាពច្របូកច្របល់ និងមានការសម្របសម្រួលតិចតួចពីកងកម្លាំងសន្តិសុខក្នុងប្រទេស។
