ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសបារាំង និងប្រទេសអ៊ីតាលីអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាកាប់សម្លាប់នៅក្នុងរដ្ឋធានីទ្រីប៉ូលីំ ប្រទេសលីប៊ី។ សេចក្តីថ្លែងការណ៍រួមមួយនិយាយថា រាល់ការប៉ុនប៉ងនានាដែលបណ្តាលឱ្យអាជ្ញាធរលីប៊ីស្របច្បាប់រាំងស្ទះដល់ដំណើរការនយោបាយ គឺមិនអាចទទួលយកបាននោះទេ។
យ៉ាងហោចណាស់មានមនុស្ស៣៩នាក់រួមទាំងជនស៊ីវិលផងដែរស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងជីវពលនៅក្នុងរដ្ឋធានីទ្រីប៉ូលី កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ រដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិមានអំណាចនៅក្នុងរដ្ឋធានី ប៉ុន្តែកងជីវពលកំពុងកាន់កាប់ភាគច្រើននៅក្នុងប្រទេសផងដែរ។
សេចក្តីថ្លែងការណ៍រួមនិយាយថា យើងកំពុងអំពាវនាវឱ្យក្រុមប្រដាប់អាវុធបញ្ឈប់សកម្មភាពយោធាទាំងអស់ភ្លាមៗ និងព្រមានដល់អ្នកស្វែងរកបង្កឱ្យមានការខូចនូវស្ថិរភាព នៅក្នុងរដ្ឋធានីប៉ូលី ឬនៅកន្លែងដទៃទៀត នៅក្នុងប្រទេសលីប៊ី ពួកគេត្រូវទទួលខុសត្រូវចំពោះរឿងនេះផងដែរ។
អំពើហិង្សាដែលផ្ទុះឡើងកាលពីថ្ងៃចន្ទ ខណៈដែលពួកសកម្មប្រយុទ្ធមកពីទីក្រុងមួយទៅភាគខាងត្បូងនៃរដ្ឋធានីទ្រីប៉ូលីវាយប្រហារតំបន់ភាគខាងត្បូងដែលនាំឱ្យមានការប្រយុទ្ធជាមួយកងជីវពលមូលដ្ឋានគាំទ្រដោយរដ្ឋាភិបាលកិច្ចព្រមព្រៀងថ្នាក់ជាតិ (GNA) ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សថ្កោលទោសចំពោះអំពើហិង្សា ហើយនិយាយថា យ៉ាងហោចណាស់មានមនុស្ស១៨នាក់ ជាជនស៊ីវិល ក្នុងនោះមានកុមារ៤នាក់ផងដែរ។ ជនអន្តោប្រវេសន៍រាប់រយនាក់ ដែលជាប់នៅក្នុងការប្រយុទ្ធគ្នាត្រូវបញ្ជូនទៅកន្លែងឃុំឃាំងផ្សេងទៀត ខណៈអាកាសយានដ្ឋានរដ្ឋធានីនេះ ត្រូវបានបិទទ្វារអស់រយៈពេល ២ថ្ងៃកាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរ។
