ការវាយប្រហារកាំបិតនៅទីក្រុងប៉ារីសបណ្តាលឱ្យរងរបួសស្រាល៧នាក់ និងរបួសធ្ងន់៤នាក់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨

ប៉ូលិសនិយាយថាមនុស្ស៧នាក់រងរបួសស្រាល និងរបួសធ្ងន់៤នាក់នៅក្នុងការវាយប្រហារដោយបុរសម្នាក់ដែលកាន់កាំបិត និងរបារដែក នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការវាយប្រហារនេះធ្វើឡើងមុនម៉ោង ២៣:០០ នៅលើច្រាំងប្រឡាយសង្កាត់ប៉ារីសទី១៩។

អ្នកលេងល្បែង Pétanque ជាល្បែងបោះប៉ូលរបស់បារាំងមួយ បានបោះគ្រាប់ប៉ូលទៅលើអ្នកវាយប្រហារ ដើម្បីបញ្ឈប់គាត់។ ពេលដំបូងបុរសរូបនេះចាក់បុរស២នាក់ និងស្ត្រីម្នាក់ នៅរោងកុន MK2 នៅលើច្រាំងទន្លេ Loire តាមបណ្តោយប្រឡាយ Ourcq ។

ហើយអ្នកយាម Youssef Najah វ័យ២៨ឆ្នាំនិយាយថា គាត់កំពុងដើរក្បែរប្រឡាយនៅពេលគាត់ឃើញបុរសម្នាក់រត់ និងកាន់កាំបិតប្រវែង ២៥-៣០សង់ទីម៉ែត្រ។ លោកនិយាយថា “មានមនុស្សប្រហែល២០នាក់កំពុងដេញតាមគាត់ ហើយពួកគេចាប់ផ្តើមបោះគ្រាប់ប៉ូលដាក់អ្នកវាយប្រហារ” ។ លោកបន្ថែមថា “គ្រាប់ប៉ូលប្រហែល៤ ឬ ៥គ្រាប់វាយក្បាលគាត់ ប៉ុន្តែពួកគេមិនអាចបញ្ឈប់គាត់បានទេ” ។ បុរសនោះក្រោយមកវាយប្រហារអ្នកទេសចរជនជាតិអង់គ្លេស ២នាក់នៅតាមផ្លូវក្បែរនោះផងដែរ។

ស្ថានទូតអង់គ្លេស នៅទីក្រុងប៉ារីស បានប្រាប់ BBC ថា “បុគ្គលិកកុងស៊ុលរបស់យើងកំពុងជួយដល់ជនជាតិអង់គ្លេស ២នាក់នោះ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងប៉ារីស ហើយកំពុងទាក់ទងជាមួយបុគ្គលិកពេទ្យបារាំង ដែលកំពុងព្យាបាលពួកគេផងដែរ” ។

អភិបាលក្រុងប៉ារីស បានថ្លែងអំណរគុណដល់មន្រ្តីប៉ូលីសប្រឆាំងនឹងឧក្រិដ្ឋកម្ម (BAC) ដែលបានចាប់ខ្លួនបុរសនោះ។ ហើយនាងក៏បានអរគុណអ្នកដំណើរ ដែលបានព្យាយាមបញ្ឈប់អ្នកវាយប្រហារផងដែរ។

ប្រភពប៉ូលីសបារាំងមួយរូប បាននិយាយថា “នៅដំណាក់កាលនេះ គ្មានអ្វីដែលអាចបញ្ជាក់ថា វាអាចជាការវាយប្រហារភេរវករនោះទេ” ។

មានការវាយប្រហារដោយកាំបិតជាច្រើន នៅប្រទេសបារាំង ក្នុងរយៈពេលពីរបីខែកន្លងមកនេះ ប៉ុន្តែមានមនុស្សតិចតួច បានធ្វើឱ្យមានការស៊ើបអង្កេតភេរវកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here