ប្រភពព័ត៌មានពីTASS ចេញផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨
យ៉ាងហោចណាស់មានមនុស្សចំនួន ០២ នាក់ត្រូវគេសម្លាប់ និងមនុស្សចំនួន១០នាក់ផ្សេងទៀតទទួលរងរបួសក្នុងការវាយប្រហារពីកាំជ្រួចទៅលើឃ្លាំងដាក់គ្រាប់បែកក្នុងទីក្រុង Latakia នៅប្រទេសស៊ីរី។ ព័ត៌មាននេះយោងតាមប្រភពភ្នាក់ងារសារព័ត៌មាន Agence France-Presse រាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់សម្តីរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសស៊ីរីដែលមានទីតាំងស្ថិតនៅនៅទីក្រុងឡុង។
យោងតាមប្រភពរបាយការណ៍មុនៗបង្ហាញថា ប្រព័ន្ធការពារមីស៊ីលស៊ីរីកំទេចការវាយ ប្រហារពីគ្រាប់មីស៊ីលដែលធ្វើឡើងលើមូលដ្ឋានយោធានិងស៊ីវិលក្នុងតំបន់កំពង់ផែ Latakia នៅល្ងាចថ្ងៃចន្ទ។ អាគារមួយក្នុងមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកទេសរងការវាយប្រហារ។
ទីភ្នាក់ងារព័ត៌មាន Suriya al-Ain រាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០ នាក់ ទទួលរងរបួសពីការវាយប្រហារដោយមីស៊ីលហើយមនុស្សចំនួន០៨នាក់ ត្រូវសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យ។ លើសពីនេះមានរបាយការណ៍បាញ់គ្រាប់មីស៊ីលពីក្រុងហូមស៍ ហាម៉ា និងតាទុស។ ទូរទស្សន៍ Alikhbaria រាយការណ៍ថា យន្តហោះគ្មានមនុស្សបើក ចូលរួមនៅក្នុងការវាយប្រហារនេះ។ អ្នកជំនាញខាងយោធាលោក Turki Hasan ប្រាប់ឆានែលទូរទស្សន៍ថា មានតែជនជាតិអ៊ីស្រាអែលទេ ដែលអាចធ្វើការវាយប្រហារបែបនេះលើប្រទេសស៊ីរី។