ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨
គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកNetanyahu បញ្ជាឱ្យកងកម្លាំងការពារអ៊ីស្រាអែលបន្តធ្វើសកម្មភាពប្រឆាំងនឹងការបង្កើនកងទ័ពរបស់ប្រទេសអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ដោយមិនផ្អាកការសម្របសម្រួលលើបញ្ហាក្នុងប្រទេសស៊ីរីជាមួយយោធារុស្ស៊ី។ នេះយោងតាមប្រសាសន៍របស់គណៈរដ្ឋមន្ត្រីមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយប្រភពសារពត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអែល។
គណៈរដ្ឋមន្ត្រីណែនាំឱ្យ IDF បន្តធ្វើសកម្មភាពប្រឆាំងនឹងយោធារបស់ប្រទេសអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីខណៈពេលដែលប្រទេសអ៊ីស្រាអែលបន្តធ្វើការសម្របសម្រួលផ្នែកសន្តិសុខជាមួយប្រទេសរុស្ស៊ី។ ឯកសារនោះសរសេរថា ពួករដ្ឋមន្រ្តីបង្ហាញការឈឺចាប់ចំពោះប្រជាជនរុស្ស៊ីដែលស្លាប់ក្នុងយន្តហោះ [Il-20 ] របស់រុស្ស៊ី ដោយវាជាលទ្ធផលចេញពីសកម្មភាពរបស់កងទ័ពស៊ីរី។
ដើម្បីការពារកងកម្លាំងយោធារបស់រដ្ឋទាំងពីរពីការប៉ះទង្គិចគ្នាភ្លាមៗលើទឹកដីប្រទេសស៊ីរីក្នុងឆ្នាំ២០១៥ ប្រទេសអ៊ីស្រាអែល និងរុស្ស៊ីបង្កើតយន្តការដោះស្រាយបញ្ហាប៉ះទង្គិច ជាមួយមជ្ឈមណ្ឌលសម្របសម្រួលពិសេសមួយនៅទីបញ្ជាការដ្ឋានរបស់អ៊ីស្រាអែល។
យន្តហោះ Il-20 ត្រូវគេបាញ់ទម្លាក់នៅល្ងាចថ្ងៃទី១៧ ខែកញ្ញាលើសមុទ្រមេឌីទែរ៉ានេនៅពេលដែលយន្តហោះនោះវិលត្រឡប់ទៅមូលដ្ឋាន Hmeymim Airbase វិញ។ ក្រសួងការពារជាតិ រុស្ស៊ីរាយការណ៍ថា យន្តហោះនោះត្រូវកាំជ្រួចមីស៊ីលចេញពីប្រព័ន្ធមីស៊ីលការពារដែនអាកាស S-200 របស់ប្រទេសស៊ីរីបាញ់ទម្លាក់នៅពេលដែលប្រព័ន្ធមីស៊ីលកំពុងធ្វើការវាយប្រហារលើយន្តហោះ F-16 របស់ប្រទេសអ៊ីស្រាអែលចំនួន៤ គ្រឿង ដោយយន្តហោះទាំងនោះកំពុងវាយប្រហារលើទីតាំងនានាក្នុងខេត្ត Latakia ។
អ្នកនាំពាក្យក្រសួងការពារប្រទេសរុស្ស៊ី Igor Konashenkov មានប្រសាសន៍ថា កងកម្លាំងអាកាសអ៊ីស្រាអែល និងអ្នកដែលធ្វើការសម្រេចចិត្តប្រើប្រាស់យន្ដហោះរុស្ស៊ីជាខែលត្រូវតែទទួលការស្តីបន្ទោសចំពោះការធ្វើឱ្យយន្តហោះ Il-20 ធ្លាក់ក្នុងប្រទេសស៊ីរី។
