ប្រភពព័ត៌មានពី Arabnews ចេញផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨
យោធាអ៊ីស្រាអែលនិយាយថាពួកគេបំផ្លាញផ្លូវរូងក្រោមដីដែលសាងសង់ដោយក្រុមហាម៉ាស់លាតសន្ធឹងចូលទៅក្នុងទឹកដីរបស់ខ្លួនចេញពីតំបន់កាហ្សាស្ទ្រីបនៅថ្ងៃព្រហស្បតិ៍។ ក្រុមហាម៉ាស់សង់ផ្លូវក្រោមដីមានបំណងសម្រាប់ការវាយប្រហារ។
អ្នកនាំពាក្យយោធាលោក Jonathan Conricus និយាយថា វាគឺជាផ្លូវរូងក្រោមដីទី១៥ដែលរកឃើញ និងបំផ្លាញដោយអ៊ីស្រាអែល។ ពុំមានការចង្អុលបង្ហាញអំពីការខូចខាតទាក់ទងនឹងការបំផ្លិចបំផ្លាញផ្លូវរូងក្រោមដីដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រ និងមានប្រភពចេញពីតំបន់ Khan Yunisនៅភាគខាងត្បូងតំបន់កាហ្សា។
លោកបដិសេធមិនរៀបរាប់លម្អិតអំពីថាផ្លូវរូងក្រោមដីត្រូវបំផ្លាញរបៀបណា ប៉ុន្ដែដោយលើកឡើងថា មធ្យោបាយវិស្វកម្មត្រូវគេប្រើប្រាស់។ លោកConricus បន្តថាវាជាប្រព័ន្ធផ្លូវរូងក្រោមដីដ៏ស្មុគស្មាញដែលមានការតភ្ជាប់គ្នាជាច្រើន និងមានសាខាជាច្រើន។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសអ៊ីស្រាអែលប្រើបច្ចេកវិទ្យាដើម្បីរកឱ្យឃើញនិងបំផ្លាញផ្លូវរូងក្រោមដីដោយគ្មានការទម្លាក់គ្រាប់បែក ដោយបំពេញផ្លូវក្រោមដីដោយ សម្ភារៈដែលធ្វើឱ្យផ្លូវមិនអាចប្រើប្រាស់បាន។ ប្រទេសអ៊ីស្រាអែលក៏កំពុងកសាងជញ្ជាំងនៅក្រោមដីនៅតំបន់ហ្គាហ្សាស្ទ្រីបដើម្បីបញ្ឈប់ការជីករូងក្រោមដី។ Conricus បន្ថែមថា ការងារលើគម្រោងដ៏ធំនេះត្រូវគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ។
