ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨
ការវាយប្រហារដោយអគ្គីភ័យនៅអន្តេវាសិកដ្ឋានរបស់ក្មេងប្រុស នៅភាគខាងត្បូងប្រទេសអ៊ូហ្គង់ដាបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសផងដែរ។
របាយការណ៍បានបង្ហាញថា អគ្គិភ័យបានចាប់ផ្ដើមនៅព្រឹកថ្ងៃចន្ទ នៅប្លុកមួយដែលមានសិស្សរាប់សិបនាក់ នៅអនុវិទ្យាល័យសឺនប៊ឺណាដ នៅទីក្រុង Rakai ។ ក្រុមមន្រ្តីបាននិយាយថា ទ្វារអន្តេវាសិកដ្ឋានត្រូវបានចាក់សោរ ដោយរារាំងមនុស្សរាប់សិបនាក់ នៅខាងក្នុងផងដែរ។លោក Henry Nsubuga នាយកសាលាបានពិពណ៌នាអំពីអគ្គីភ័យថា នេះជាទង្វើដ៏សាហាវព្រៃផ្សៃ។
លោក Ben Nuwamanya មេបញ្ជាការប៉ូលិស ក្នុងតំបន់នេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាមនុស្ស ៣នាក់ រួមទាំងឆ្មាំសាលាម្នាក់ ត្រូវបានចាប់ខ្លួន ដោយប៉ូលីស ដើម្បីសាកសួរផងដែរ។ លោកក៏បានបញ្ជាក់ថា សិស្ស ២០នាក់ផ្សេងទៀតកំពុងស្ថិត នៅក្នុងមន្ទីរពេទ្យ នៅក្នុងស្ថានភាពធ្ងន់ធ្ងរដោយមន្ត្រីបានប្រកាសថា ចំនួនអ្នកស្លាប់អាចកើនឡើង។
អ្នកនាំពាក្យប៉ូលិសលោក Patrick Onyango បានប្រាប់ Router ថា អាជ្ញាធរកំពុងស៊ើបអង្កេតថា តើការបណ្តេញអតីតនិស្សិតទាំងនោះ ត្រូវបានពាក់ព័ន្ធ នៅក្នុងការដុត ដូចការចោទប្រកាន់ ឬយ៉ាងណា។
លោក Gerald Karasira ក្រុមប្រឹក្សាស្រុកម្នាក់បាននិយាយថា ប្រជាជនដែលរស់នៅក្បែរនោះ ព្យាយាមយ៉ាងខ្លាំង ដើម្បីពន្លត់ភ្លើង ដោយប្រើខ្សាច់ទឹក និងឥដ្ឋ ប៉ុន្តែកិច្ចខិតខំជួយសង្គ្រោះមានភាពស្មុគស្មាញដោយទ្វារចាក់សោ និងផ្សែងធុនធ្ងន់ នៅក្នុងបរិវេណផ្ទះ។ លោកបានដកស្រង់សម្តី ដោយកាសែត New Vision ថា “បើរថយន្តពន្លត់អគ្គីភ័យ បានស្ថិតនៅជិតស្រុកនេះ ប្រហែលជាយើងនឹងបានសង្គ្រោះជីវិត និងទ្រព្យសម្បត្តិ” ។
ស្ថិតនៅស្រុក Rakai សាលារៀននេះ មានទីតាំងស្ថិតនៅប្រហែលជា ២៨០គីឡូម៉ែត្រខាងត្បូងរដ្ឋធានី Kampala របស់ប្រទេសអ៊ូហ្គង់ដា នៅជិតព្រំដែនជាមួយប្រទេសតង់ហ្សានី។ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនរាប់បញ្ចូលទាំងរដ្ឋមន្ត្រីអប់រំ និងសន្តិសុខ បានធ្វើដំណើរទៅសាលារៀនបន្ទាប់ពីការឆេះនេះផងដែរ៕