ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨
អាជ្ញាធរអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃចន្ទចាប់ខ្លួនបុរសម្នាក់ពីបទផ្តល់មូលនិធិដល់ក្រុមភេរវកររដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងខេត្តអាន់បារ។ កងទ័ពនៃកងពលទី១៤នៃនាយកដ្ឋានស៊ើបការណ៍យោធាសម្ងាត់សហការជាមួយចារកម្មកងកម្លាំងប្រដាប់អាវុធខេត្តអាន់បារដើម្បីចាប់ផ្តើមយុទ្ធនាការសន្តិសុខមួយសំដៅទៅលើបុរសម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងការប្រមូលប្រាក់ដោយបង្ខំពីប្រជាពលរដ្ឋដើម្បីផ្តល់ឲ្យក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅស្រុកFallujah ខេត្តអាន់បារ។
សេចក្តីថ្លែងការណ៍បាននិយាយថាភេរវករដែលត្រូវបានឃាត់ខ្លួននោះស្ថិតនៅក្នុងបញ្ជីដែលចង់បានរបស់តុលាការអ៊ីរ៉ាក់។ មេបញ្ជាការកងវរសេនាធិការពិសេសទី២ ឧត្តមសេនីយ៍ Moen al-Saadi បានប្រកាសកាលពីថ្ងៃអាទិត្យនេះថាកងកម្លាំងសន្តិសុខក៏បានចាប់ខ្លួនសមាជិក១២នាក់នៃក្រុមរដ្ឋអ៊ីស្លាមផងដែរខណៈដែលពួកគេបានព្យាយាមលួចចូលទៅក្នុងទីក្រុងរបស់ខេត្តKirkuk។
យោងតាមលោក Al-Saadi ក្រុមសកម្មប្រយុទ្ធដែលត្រូវចាប់ខ្លួននេះបានមានផែនការបង្កើតភាពវឹកវរនៅក្នុងទីក្រុង និងបានបើកការវាយប្រហារភេរវកម្មជាច្រើនដងផងដែរ។ តុលាការអ៊ីរ៉ាក់បានផ្តន្ទាទោសប្រហារជីវិតដល់សមាជិករដ្ឋអ៊ីស្លាមជាច្រើននាក់ដែលជាប់ទាក់ទង់នឹងការចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ។
ចំនួនពិតប្រាកដនៃពួកសកម្មប្រយុទ្ធដែលជាប់ឃុំឃាំងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេប៉ាន់ប្រមាណថាមានចំនួនរាប់ពាន់នាក់។ វាក៏មិនច្បាស់ថាតើមានសមាជិកប៉ុន្មាននាក់ដែលនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។ គួរបញ្ជាក់ថាច្បាប់ប្រឆាំងភេរវកម្មរបស់អ៊ីរ៉ាក់ផ្តល់អំណាចដល់តុលាការដើម្បីផ្តន្ទាទោសអ្នកដែលត្រូវបានគេជឿថាបានជួយដល់ក្រុមជីហាដ សូម្បីតែពួកគេមិនត្រូវបានគេចោទប្រកាន់ថាបានធ្វើការវាយប្រហារក៏ដោយ។