ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨
សកម្មជននយោបាយអ៊ីរ៉ង់ម្នាក់ជាប់ពន្ធនាគារដោយសារការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកស្លាប់បន្ទាប់ពីធ្វើកូដកម្មអត់អាហាររយៈពេល៦០ថ្ងៃ។ លោក Vahid Sayadi Nasiri ត្រូវចោទប្រកាន់ពីបទប្រមាថមេដឹកនាំជាន់ខ្ពស់លោក Ayatollah Ali Khamenei និងបទល្មើសផ្សេងៗទៀត។
គាត់ត្រូវគេដោះលែងកាលពីខែមីនាក្រោយពីបានជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ប៉ុន្តែត្រូវឃុំខ្លួនម្តងទៀតក្នុងរយៈពេលប្រាំខែក្រោយមកផងដែរ។ សកម្មជនរូបនេះបានទាមទារឱ្យផ្ទេរពីអង្គភាពសន្តិសុខមួយនៃពន្ធនាគារនៅក្នុងទីក្រុងឈូមទៅកាន់កន្លែងផ្សេងទៀត។
យោងតាមក្រុមអ្នកតស៊ូមតិអ៊ីរ៉ង់ អង្គការឃ្លាំមើលសិទិ្ធមនុស្សថា លោក Vahid Sayadi Nasiri ត្រូវចាប់ខ្លួនដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៥ ជាប់ពន្ធនាគារ៨ឆ្នាំពីបទប្រមាថអ្នកដឹកនាំកំពូល និងឃោសនាប្រឆាំងនឹងរដ្ឋាភិបាលផងដែរ។
ការចោទប្រកាន់នេះ ជាប់ទាក់ទងទៅនឹងការបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់គាត់។ ក្រោយមកគាត់ត្រូវបានលើកលែងទោស ហើយដោះលែងឱ្យទាន់ពេលផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់ត្រូវបានគេចាប់ខ្លួនម្តងទៀត នៅក្នុងខែសីហា ប៉ុន្មានខែបន្ទាប់ពីការដោះលែងគាត់ត្រូវបានគេរាយការណ៍ថា រងការចោទប្រកាន់ដូចគ្នានេះផងដែរ។
យោងតាមអ្នកឃ្លាំមើលសិទិ្ធមនុស្សអ៊ីរ៉ង់ បាននិយាយថាគាត់ ចាប់ផ្តើមធ្វើកូដកម្មអត់អាហាររបស់គាត់កាលពីខែតុលា ដើម្បីតវ៉ាចំពោះលក្ខខណ្ឌនៃការដាក់ពន្ធនាគារ និងការខ្វះខាតលទ្ធភាព ក្នុងការចូលទៅកាន់មេធាវីផងដែរ។