ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
អាជ្ញាធរអាហ្វហ្គានីស្ថាននិយាយថា ខ្មាន់កាំភ្លើងវាយឆ្មក់ចូលទៅកាន់អគាររដ្ឋាភិបាលក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ ហើយអ្នកស្លាប់ភាគច្រើនជាបុគ្គលិករដ្ឋាភិបាល និងមានមនុស្សច្រើនជាង២០នាក់ផ្សេងទៀតរងរបួស ពេលក្មាន់កាំភ្លើងប្រឈមមុខដាក់គ្នារយៈពេល៧ម៉ោងជាមួយប៉ូលិសដែលបញ្ចប់នៅយប់ថ្ងៃចន្ទ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ Najib Danish និយាយថា មនុស្សមួយចំនួនផ្សេងទៀតត្រូវកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបាញ់សម្លាប់មានប៉ូលិសម្នាក់ និងអ្នកវាយប្រហារចំនួន៣នាក់ ។
ការវាយប្រហារនេះចាប់ផ្តើមនៅពេលរសៀលនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះខ្លួនឯងនៅក្នុងរថយន្តមួយនៅខាងក្រៅក្រសួងសាធារណការ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់និយាយថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានធ្វើដំណើរដល់ជាន់ក្រោមនៃអគារក្នុងប្រតិបត្តិការដើម្បីសង្គ្រោះមនុស្សមានចំនួនច្រើនជាង៣៥០នាក់នៅខាងក្នុង ប៉ុន្តែត្រូវអត់ធ្មត់នៅក្នុងប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងអ្នកវាយប្រហារលើបុគ្គលិកនៅទីនោះ។
ពុំមានក្រុមសកម្មណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។ សាក្សីម្នាក់រស់នៅជិតនោះប្រាប់ភ្នាក់ងាររ៉យទ័រថា រថយន្តសង្គ្រោះប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុក្នុងអំឡុងពេលមានភាពស្ងប់ស្ងាត់។ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នា ហើយពួកគេត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
មន្រ្តីម្នាក់ដែលធ្វើការនៅក្នុងអគាររដ្ឋាភិបាលមួយផ្សេងទៀតនិយាយថា បុគ្គលិកចាក់សោរខ្លួន នៅក្នុងការិយាល័យរបស់ពួកគេក្រោយពីពួកគេឮការផ្ទុះ និងការបាញ់កាំភ្លើង។ បណ្តាញព័ត៌ មានក្នុងតំបន់រាយការណ៍ថា ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នានៅជាន់ទី២អគារនេះរងការឆាបឆេះ។