ប្រភពព័ត៌មានពី Channelnewsasia ចេញផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨
កម្លាំងចម្រុះដឹកនាំដោយអាមេរិកធ្វើការវាយប្រហារតាមអាកាសនៅសប្ដាហ៍មុនបំផ្លាញទីតាំងដែលរដ្ឋអ៊ីស្លាមកាន់កាប់ នេះបើយោងតាមប្រភពព័ត៌មានពីក្រុមចម្រុះនិយាយនៅថ្ងៃអង្គារ៍ ក្រោយពីប្រធានាធិបតីលោក Donald Trump ប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធ ហើយលោកប្រកាសថាលោកនឹងដកកងទ័ពអាមេរិកចេញពីសង្រ្គាម ។
ក្រុមចម្រុះនិយាយថា ការវាយប្រហាររបស់ខ្លួនក្នុងអំឡុងពីថ្ងៃទី១៦-២២ ខែធ្នូ រាប់បញ្ចូលទាំងការវាយប្រហារតាមអាកាសបំផ្លាញមូលដ្ឋាន សម្ភារៈភស្តុភារ និងតំបន់ដែលរដ្ឋអ៊ីស្លាមប្រើប្រាស់ និងធ្វើឱ្យខូចខាតដល់សមត្ថភាពរបស់ក្រុមអ៊ីស្លាមក្នុងការផ្តល់ហិរញ្ញវត្ថុដល់ក្រុមរបស់ខ្លួន និងកម្ចាត់សមាជិក ISIS ចំនួនរាប់រយនាក់។
ឧត្តមសេនីយ៍ទោ Christopher Ghika មេបញ្ជាការរងនៃកងកម្លាំងចម្រុះនិយាយថា ក្រុម ISIS បង្ហាញពីការគំរាមកំហែងពិតប្រាកដចំពោះស្ថិរភាពរយៈពេលវែងក្នុងតំបន់នេះ ហើយបេសកកម្មរបស់អាមេរិកនៅដដែលក្នុងការកម្ចាត់ក្រុម ISIS ។
ISIS គឺជាពាក្យកាត់ដែលត្រូវបានប្រើជាទូទៅសំដៅទៅរដ្ឋអ៊ីស្លាម។
សេចក្តីថ្លែងការណ៍នោះបង្ហាញពីភាពផ្ទុយគ្នាទៅនឹងសេចក្តីប្រកាសរបស់ Trump នៅសប្តាហ៍ មុនថា កងទ័ពសហរដ្ឋអាមេរិកទទួលជោគជ័យក្នុងបេសកកម្មរបស់ខ្លួនដើម្បីកម្ចាត់រដ្ឋអ៊ីស្លាម ហើយកងទ័ពមិនចាំបាច់មានវត្តមានក្នុងប្រទេសនេះទៀតទេ។ ព័ត៌មាននៃការដកកម្លាំងទទួលរងការរិះគន់ភ្លាមៗពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនរបស់លោក Trump ដែលនិយាយថា ការចាកចេញនេះជាការពង្រឹងឱកាសរបស់ ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដែលប្រទេសទាំងពីរនេះគាំទ្រលោកប្រធានាធិបតី Bashar al-Assad ។
ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក Trump ការិយាល័យបរទេសរបស់ចក្រភព អង់គ្លេសនិយាយនៅសប្តាហ៍មុនថា រដ្ឋអ៊ីស្លាមនៅតែធ្វើការគំរាមកំហែងទោះបីជាពួកគេមិនកាន់កាប់ទឹកដីក៏ដោយ។
