ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្ស២៧នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារនៅស្ថាប័នរដ្ឋាភិបាលក្នុងទីក្រុងកាប៊ុល។ មនុស្សភាគច្រើនដែលស្លាប់ជាជនស៊ីវិល។
យោងតាមប្រភពបណ្តាញទូរទស្សន៍ Tolo News ក្រុមសកម្មប្រយុទ្ធមួយក្រុមវាយប្រហារស្ថាប័នរដ្ឋាភិបាលក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន និងចាប់បុគ្គលិកធ្វើជាចំណាប់ខ្មាំងនៅក្រសួងសាធារណការអាហ្វហ្គានីស្ថាន និងរដ្ឋបាលដោះស្រាយជាមួយការផ្តល់ជំនួយដល់ក្រុមគ្រួសារនៃជនដែលស្លាប់និងពិការនៅក្នុងសង្គ្រាម។
ក្រោយពីមានការបំផ្ទុះ គ្រាប់បែកនៅជិតក្រសួងកិច្ចការសាធារណៈ ពួកសកម្មប្រយុទ្ធក៏ធ្វើការបាញ់ប្រហារ។ ក្រោយមកទៀតមានការផ្ទុះពីរទៀតកើតឡើង។ ដោយឆ្លៀតទាញយកផលប្រយោជន៍ពីភាពស្លន់ស្លោដែលកើតមាននោះ អ្នកវាយប្រហាររត់សម្រុកចូលទៅក្នុងអាគារ។
អ្នកនាំពាក្យផ្លូវការឱ្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក Nusrat Rahimi និយាយថាកម្លាំងរដ្ឋាភិបាលកម្ទេចក្រុមសកម្មប្រយុទ្ធដោយប្រើរយៈពេល៣ម៉ោងក្រោយពីមានការវាយប្រហារ។ របាយការណ៍មួយចំនួនបង្ហាញថា មានអ្នកវាយប្រហារចំនួនបីនាក់។ Rahimi និយាយថា មានមនុស្សប្រហែល២០០នាក់ត្រូវគេជម្លៀសចេញពីអគារ។ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ប្រតិបត្តិការរបស់កងកម្លាំងរដ្ឋាភិបាលមានរយៈពេលប្រហែល៧ម៉ោង។