ក្រុមISISទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត​នៅក្រសួង​ការបរទេស​លីប៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយឡើងវិញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨

ខ្មាន់កាំភ្លើងប្រដាប់អាវុធចំនួន៣នាក់វាយប្រហារលើក្រសួងការបរទេសរដ្ឋាភិបាល​លីប៊ីដែលទទួលស្គាល់ជាអន្តរជាតិនៅក្រុងទ្រីប៉ូលីនៅព្រឹកថ្ងៃអង្គារ បណ្តាល​​បុគ្គលិកមន្រ្តីស្លាប់ចំនួន៣ នាក់ និងយ៉ាងហោចណាស់ចំនួន២០នាក់ទៀត​រងរបួស។ ក្រោយមកនៅថ្ងៃដដែលនោះក្រុមភេរវករអ៊ីស្លាម (ឥស្លាមISIS/ISIL) ប្រកាស​ទទួលខុសត្រូវចំពោះការវាយប្រហារតាមរយៈភ្នាក់ងារឃោសនា។

ការវាយប្រហារលើបរិវេណការទូតចាប់ផ្តើមនៅម៉ោងប្រហែល៩និង៣០ នាទីព្រឹកជាមួយ នឹងការបំផ្ទុះគ្រាប់បែករថយន្តមួយនៅពីមុខអគារ។ ភ្លាមៗនោះ ខ្មាន់កាំភ្លើងធ្វើការបាញ់ ប្រហារ ហើយមនុស្សពីរនាក់ក្នុងចំនោមពួកគេរត់ចូលទៅក្នុង និងបំផ្ទុះខ្លួនឯង។ អ្នកវាយ​ប្រហារទីបីត្រូវគេសម្លាប់នៅក្នុងការបាញ់តបតជាមួយឆ្មាំក្រសួង។

ប្រទេសលីប៊ីស្ថិតនៅក្នុងភាពចលាចលចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលមានយុទ្ធនាការ ទម្លាក់គ្រាប់បែករបស់អង្គការ NATO ជួយឱ្យក្រុមសកម្មប្រយុទ្ធគ្រប់គ្រង និងសំលាប់លោកវរ​សេនីយ៍ឯក Muammar Gaddafi ។ ចាប់តាំងពីពេលនោះមកក្រុមជ្រុលនិយមពង្រីកអំណាច ដោយធ្វើឱ្យមានការប៉ះទង្គិចគ្នាជាញឹកញាប់ បង្ករឱ្យមានការបែកបាក់គ្នារវាងក្រុមផ្សេងៗ នៅទូទាំងប្រទេស និងនៅរដ្ឋធានីទ្រីប៉ូលី។ បច្ចុប្បន្ននេះប្រទេសលីប៊ីមាន​រដ្ឋាភិបាលប្រជែង ចំនួនពីរ ហើយផែនរៀបចំការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះត្រូវគេផ្អាកដោយសារតែមាន​បញ្ហាក្នុងការកាន់អំណាច។

សហរដ្ឋអាមេរិកដែលគាំទ្រក្រុមជ្រុលនិយមប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលលោក Gaddafi ធ្វើការថ្កោលទោសចំពោះការវាយប្រហារនេះ ដោយបង្ហាញការរិះគន់ដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រការតស៊ូរបស់លីប៊ីប្រឆាំងនឹងភេរវកម្មនៅពេលដែលប្រទេសនេះបន្តធ្វើការឆ្ពោះទៅរកភាពរុងរឿង និងសុវត្ថិភាពនាពេលអនាគត។

LEAVE A REPLY

Please enter your comment!
Please enter your name here