ប្រភពព័ត៌មានពី Channelnewsasia ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
យោងតាមប្រភពភ្នាក់ងារព័ត៌មាន Tasnim ប្រទេសអ៊ីរ៉ង់ជួបជាមួយក្រុមតាលីបង់អាហ្វហ្គានី ស្ថានដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបនិយាយនៅថ្ងៃពុធក្រោយពីពួកសកម្មប្រយុទ្ធចូលរួមកិច្ចចរចាផ្សះផ្សានៅអារ៉ាប់។ លោក Ali Shamkhani អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ធ្វើសេចក្តីប្រកាសនេះនៅពេលពួកគេធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវគេជូនដំណឹងអំពីការប្រាស្រ័យទាក់ទង និងកិច្ចពិភាក្សាដែលធ្វើឡើងជាមួយពួកតាលីបង់ ហើយដំណើរការនេះនឹងនៅតែធ្វើជាបន្ត នេះបើយោងតាមប្រភព Tasnim ។ ប្រភពព័ត៌មានដែលស្និទ្ធជាមួយនឹងកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ពុំបានផ្តល់ព័ត៌មានលម្អិតស្តីពីទីកន្លែងដើម្បីធ្វើកិច្ចចរចាឡើង ។
លោក Shamkhani មានប្រសាសន៍ថា សាធារណរដ្ឋអ៊ីស្លាមជាសសរស្តម្ភមួយនៃស្ថេរភាពនៅក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២នឹងជួយក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃនេះ ។ Abas Aslani អ្នកយកព័ត៌មានសម្រាប់ Tasnim បង្ហាញថា នេះជាការចរចាលើកដំបូងដែលមានការបញ្ជាក់រវាងប្រទេសអ៊ីរ៉ង់ និងពួកតាលីបង់។
សេចក្តីប្រកាសនេះធ្វើឡើងក្រោយពីមានកិច្ចចរចាផ្សះផ្សាគ្នានៅសប្តាហ៍មុនរវាងមន្ត្រីសហរដ្ឋអាមេរិក និងក្រុមតាលីបង់ក្នុងប្រទេសអារ៉ាប់។ ពួកតាលីបង់និយាយថា ពួកគេជួបប្រជុំជាមួយ មន្រ្តីមកពីប្រទេសអារ៉ាប់ ប៉ាគីស្ថាន និងអារ៉ាប៊ីសាឌី ប៉ុន្តែពួកសកម្មប្រយុទ្ធបដិសេធមិនទទួល គណៈប្រតិភូមកពីប្រទេសអាហ្វហ្គានីស្ថាន។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាថ្មីធ្វើឡើង ខណៈដែលក្រុងវ៉ាស៊ីនតោនព្យាយាមរកផ្លូវចេញពីជម្លោះដែលមានរយៈពេល ១៧ ឆ្នាំ។
មន្ត្រីអាមេរិកម្នាក់ប្រាប់ភ្នាក់ងារ AFP នៅសប្តាហ៍មុនថា ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រេចចិត្តដកកងកម្លាំងសហរដ្ឋអាមេរិក ចំនួនប្រមាណពាក់កណ្តាល ប៉ុន្តែសេត វិមានមិនទាន់បញ្ជាក់ពីការផ្លាស់ប្តូរជាសាធារណៈនោះទេ។