ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨
មជ្ឈមណ្ឌលសារព័ត៌មានសន្តិសុខអ៊ីរ៉ាក់បាននិយាយថាសមាជិករដ្ឋអ៊ីស្លាម២នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនេះនៅភាគខាងកើតរដ្ឋធានីម៉ូស៊ុល ខណៈយុទ្ធនាការសន្តិសុខកំពុងបន្តនៅទូទាំងប្រទេសដើម្បីស្វែងរកពួកជ្រុលនិយម។
វេបសាយសារព័ត៌មានal-Madar បានដកស្រង់សម្តីរបស់មជ្ឈមណ្ឌលនេះដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកម្លាំងមកពីបញ្ជាការប្រតិបត្តិការខេត្តNineveh ចាប់ខ្លួនពួកសកម្មប្រយុទ្ធISចំនួន២នាក់ដែលស្ថិតនៅក្នុងសង្កាត់al-Ma’mon ភាគខាងកើតរដ្ឋធានីម៉ូស៊ុល។
សេចក្តីថ្លែងការណ៍ក៏បានប្រាប់ឲ្យដឹងទៀតថាកងកម្លាំងសន្តិសុខក៏បានរឹបអូសខ្សែក្រវ៉ាត់គ្រាប់បែកចំនួន២គ្រាប់ ហើយនិងគ្រាប់បែកចំនួន៥គ្រាប់ផ្សេងទៀតក្នុងកំឡុងប្រតិបត្តិការសន្ដិសុខស្ថិតនៅក្នុងតំបន់ភ្នំAtshana និងទីក្រុងចាស់របស់រដ្ឋធានីម៉ូស៊ុល។
គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសកាលពីខែកក្កដាឆ្នាំ២០១៧កន្លងមកថាបានរំដោះរដ្ឋធានីម៉ូស៊ុលធំទីពីររបស់អ៊ីរ៉ាក់ចេញពីការគ្រប់គ្រងរបស់ពួកIS ដែលក្រុមនេះបានគ្រប់គ្រងតាំងពីឆ្នាំ២០១៤មក។ ពួកសកម្មប្រយុទ្ធជាង២៥,០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការរំដោះដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។