ប្រភពព័ត៌មានពី NST ចេញផ្សាយថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
បុរសជនជាតិថៃម្នាក់មានសតិអារម្មណ៍មិនគ្រប់បានបាញ់សម្លាប់សមាជិកគ្រួសារចំនួន៦នាក់រួមមានក្មេងចំនួន២នាក់នៅក្នុងពិធីជប់លៀងឆ្នាំថ្មីក្រោយមកគាត់បាញ់សម្លាប់ខ្លួនឯង។
ការបាញ់ប្រហារដ៏ធំមួយកើតឡើងនៅរយៈពេល១០នាទី ក្រោយពេលពាក់កណ្តាលអាធ្រាតខណៈពេលដែលលោក Sucheep Sornsung ចូលរួមជាមួយក្រុមគ្រួសារប្រពន្ធគាត់ដើម្បីរាំក្នុងពិធីចូលឆ្នាំថ្មីនៅភាគខាងត្បូងខេត្ត Chumphon ។
ប៉ូលិសនិយាយថា លោក Sucheep ស្រវឹងយ៉ាងខ្លាំងទាញកាំភ្លើងខ្លីដាក់នៅលើតុនៅក្នុងកន្លែងរៀបចំពិធីជប់លៀងនៅក្នុងស្រុកផាតូ(Phato )។ លោកវរសេនីយ៍ឯក Larp Kampapan នៃប៉ូលិសក្នុងស្រុកផាតូប្រាប់ភ្នាក់ងារ AFP ថា «ជនរងគ្រោះទាំងអស់គឺជាសមាជិកគ្រួសាររបស់គាត់រួមទាំងកូនប្រុសអាយុ៩ឆ្នាំនិងកូនស្រីអាយុ៦ឆ្នាំផងដែរ។
ពួកគេត្រូវបុរសនោះបាញ់ចំក្បាល ។ ជនល្មើសខឹងដោយសារគ្រួសាររបស់ប្រពន្ធគាត់មិនបានទទួលការស្វាគមន៍គាត់នោះទេ។ ក្រោយមកខ្មាន់កាំភ្លើងបែរកាំភ្លើងបាញ់សម្លាប់ខ្លួនឯង។ ជនរងគ្រោះចំនួន៤នាក់ផ្សេងទៀតមានបុរសចំនួន២នាក់ និងស្ត្រីចំនួន២នាក់អាយុចន្លោះពី ៤៧ឆ្នាំទៅ៧១ឆ្នាំ។ ប្រទេសថៃមានអត្រានៃការកាន់កាប់កាំភ្លើងខ្ពស់ និងជម្លោះផ្ទាល់ខ្លួនមួយចំនួនដែលមានពាក់ព័ន្ធនឹងការប្រកួតប្រជែងស្នេហា និងជំនួញដែលជាញឹកញាប់ពួកគេដោះស្រាយបញ្ហាដោយប្រើគ្រាប់កាំភ្លើង។