ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩
បុរសម្នាក់វាយប្រហារលើសិស្សសាលាបឋមដោយប្រើញញួរក្នុងទីក្រុងប៉េកាំង។ ការវាយប្រហារនេះធ្វើឱ្យមនុស្សរងរបួសចំនួន២០នាក់ និងធ្វើឱ្យកុមារយ៉ាងហោចណាស់ចំនួន៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ជនសង្ស័យធ្លាប់ជាកម្មករថែរក្សាសាលាត្រូវគេឃុំខ្លួន។
ប៉ូលិសនិយាយថា ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោងប្រហែល១១និង១៥ នាទីព្រឹកនៅស្រុក Xicheng ។ ខណៈពេលដែលរបាយការណ៍ដំបូងបង្ហាញថា អ្នកវាយប្រហារមានកាំបិតមួយនៅជាប់ខ្លួន ហើយគាត់ប្រើញញួរមួយក្នុងអំឡុងពេលវាយប្រហារ។ ជនរងគ្រោះទាំងអស់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។ កុមារចំនួន៣នាក់មានបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែមិនត្រូវគំរាមកំហែងដល់អាយុជីវិតទេ ហើយនៅតែស្ថិតក្នុងស្ថានភាពមានស្ថេរភាព។
យោងតាមប្រភពព័ត៌មានក្នុងស្រុកបញ្ជាក់ឱ្យដឹងថា ខ្សែវីដេអូមួយដែលផ្សាយលើបណ្តាញ សង្គមចិនបង្ហាញថា គ្រូបង្រៀនម្នាក់លើកឡើងថា អ្នកវាយប្រហារធ្វើការនៅសាលាដូចគ្នា។ យោងតាមការស្រង់ព័ត៌មានរបស់ South China Morning Post បង្ហាញថា គ្រូម្នាក់នោះបន្ថែម ថា: «កម្មករនៅសាលារៀនរបស់យើងវាយប្រហារលើសិស្សចំនួន ២០ នាក់ នៅជាន់ទី ១»។
ក្រោយមកគេស្គាល់បុរសម្នាក់នោះថា ជាអ្នកថែរក្សាសាលាបណ្តោះអាសន្នមានឈ្មោះថា Jia ។ បុរសអាយុ៤៩ ឆ្នាំរូបនេះត្រូវគេជួលឱ្យធ្វើការងារតាមរយៈក្រុមហ៊ុន ហើយសាលារៀនមិនទាន់សំរេចកិច្ចសន្យាថ្មីដែលនឹងផុតកំណត់នៅខែនេះ។ ការមិនពេញចិត្តនឹងការសម្រេចចិត្តរបស់សាលារៀននេះទំនងជាបានជំរុញឱ្យមានការវាយប្រហារនេះយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលើកឡើងពីរដ្ឋបាលមូលដ្ឋាន។ ជនសង្ស័យត្រូវគេឃុំខ្លួន។
ការវាយប្រហារលើសាលាបឋមសិក្សា និងមណ្ឌលថែរក្សាកុមារក្លាយជារឿងធម្មតានៅក្នុង ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅឆ្នាំ ២០១៧ បុរសម្នាក់ក្នុងវ័យ ៤០ ឆ្នាំកាន់កាំបិត ចិតបន្លែមួយធ្វើឱ្យកុមារ ចំនួន១២ នាក់រងរបួស នៅភាគខាងត្បូងទីក្រុង Pingxiang ។ គាត់ត្រូវគេប្រហារជីវិតនៅសប្តាហ៍មុន។ ក្នុងខែតុលាស្ត្រីវ័យ ៣៩ ឆ្នាំម្នាក់កាន់កាំបិតផ្ទះបាយ វាយលុកមត្តេយ្យនៅឆុងឈីង ភាគនិរតីប្រទេសចិនដោយធ្វើឱ្យក្មេងចំនួន១៤ នាក់រងរបួស ។