នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ទទួលយកការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសNorway

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adil Abdul-Mahdi កាលពីថ្ងៃអង្គារនេះបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេស Norway លោកស្រី Ine Marie Eriksen ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគី និងដើម្បីទទួលបានអត្ថប្រយោជន៍បទពិសោធពីប្រទេសអឺរ៉ុបក្នុងវិស័យប្រើប្រាស់ប្រេងដ៏ល្អប្រសើរ។

យោងតាមវេបសាយសារព័ត៌មាន Alghad Press របស់អ៊ីរ៉ាក់បានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំនេះលោក Abdul-Mahdi បានសរសើរដល់ប្រទេស Norway ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ និងការចូលរួមរបស់ខ្លួននៅក្នុងសន្និសីទម្ចាស់ជំនួយ Kuwait សម្រាប់ការស្ថាបនាឡើងវិញលើតំបន់ដែលត្រូវបានរំដោះចេញពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

នាយករដ្ឋមន្ត្រីបានអំពាវនាវបន្ថែមទៀតដើម្បីពង្រីកកម្មវិធីគាំទ្រ និងវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយប្រទេស Norway ដើម្បីបង្កើនជំនាញដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងលើកកម្ពស់ស្ថានភាពមនុស្សធម៌របស់គ្រួសារដែលបានផ្លាស់ទីលំនៅ។ ចំនែកឯលោកស្រី Eriksen បានសម្តែងនូវបំណងប្រាថ្នារបស់ប្រទេសលោកស្រីក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ាក់ បង្កើនឱកាសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្រ្តីនៃប្រទេសទាំងពីរដើម្បីជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ។

លោកស្រីក៏បានសម្តែងនូវការគោរពរាប់អានរបស់នាយករដ្ឋមន្ដ្រី Norway ទៅកាន់លោក Abdul Mahdi និងបានអញ្ជើញលោកទៅកាន់ប្រទេស Norway នាពេលឆាប់ៗខាងមុខនេះ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះលោកស្រី Eriksen បានសម្តែងសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ និងស្ថេរភាពនៅក្នុងប្រទេសអ៊ីរ៉ាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here