ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩
នៅថ្ងៃពុធបព្វជិតស៊ីអ៊ីតជាន់ខ្ពស់ប្រទេសអ៊ីរ៉ាក់ចូលរួមជាមួយក្រុមអ្នកនយោបាយ និងមេដឹកនាំសាសនាក្នុងការរិះគន់លើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីលោក Donald Trump ដែលមានសេចក្តីថា កងទ័ពអាមេរិកគួរស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីតាមដានកម្លាំងរបស់ប្រទេសអ៊ីរ៉ង់។
លោក Ayatollah Ali al-Sistani មានប្រសាសន៍ថា ប្រទេសអ៊ីរ៉ាក់មានបំណងចង់មានទំនាក់ទំនងល្អ និងរក្សាតុល្យភាពជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនដោយផ្អែកលើផលប្រយោជន៍រួម និងពុំមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ លោកមានប្រសាសន៍ក្នុងអំឡុងមានកិច្ចប្រជុំមួយជាមួយបេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ Jeanine Hennis-Plasschaert នៅមូលដ្ឋាន Najaf ។
នាយករដ្ឋមន្ត្រី Adel Abdul-Mahdi ក្រើនរំលឹកលោក Trump នៅថ្ងៃអង្គារថា ពុំមានមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសរបស់ខ្លួនទេ ហើយលោកបន្ថែមថា លោកមិនទទួលយកគំនិតដែលធ្វើឱ្យប្រទេសអ៊ីរ៉ាក់ក្លាយជាឆាកប្រយុទ្ធប្រឆាំងនឹងរដ្ឋជិតខាងនោះទេ។