ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩
ប្រភពសន្តិសុខមួយនិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃអង្គារនេះចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣នាក់ ខណៈកំពុងព្យាយាមលួចចូលពីប្រទេសស៊ីរីឆ្ពោះទៅកាន់ទឹកដីអ៊ីរ៉ាក់។
ប្រភពនេះប្រាប់សារព័ត៌មាន Almaalomahដែលផ្សាយជាភាសាអារ៉ាប់ថាក្រុមសន្តិសុខប្រទះឃើញសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣នាក់ដែលព្យាយាមលួចចូលទៅក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ដែលមកពីប្រទេសស៊ីរីដើម្បីធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិល និងកងទ័ពអ៊ីរ៉ាក់។
ប្រភពនិយាយថាពួកសកម្មប្រយុទ្ធ៣នាក់ត្រូវបានចាប់ខ្លួនដោយជោគជ័យ និងបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃុំឃាំងដើម្បីសួរចម្លើយ។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាកងកម្លាំងសន្តិសុខបានធ្វើការស៊ើបអង្កេតលើទិន្នន័យសម្ងាត់ដ៏ជាក់លាក់ខណៈដែលពួកគេធ្វើការចាប់ខ្លួនពួកសកម្មប្រយុទ្ធទាំងនេះ។
គួររំលឹកថា ប្រទេសអ៊ីរ៉ាក់ប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីរដ្ឋស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុង Rawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចខេត្ត Anbar ជាមួយនឹងប្រទេសស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។
ក្រុមIS ប្រកាសរដ្ឋអ៊ីស្លាមក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងប្រទេសជិតខាងស៊ីរីកាលពីឆ្នាំ២០១៤។ យុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់ឡើងវិញលើតំបន់ទាំងឡាយដែលគ្រប់គ្រងដោយពួកIS។