ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩
មនុស្សរាប់សិបនាក់ទទួលរងរបួសនៅថ្ងៃព្រហស្បតិ៍ដោយមនុស្សម្នាក់ក្នុងចំណោមពួកគេស្លាប់ក្រោយពីគ្រាប់បែកផ្ទុះមួយផ្ទុះនៅចំណតឡានក្រុងJammu ជាទីក្រុងមួយធំបំផុតក្នុង តំបន់កាស្មៀរដែលជាតំបន់មានជម្លោះជាមួយប្រទេសឥណ្ឌា។
គេរាយការណ៍ថា គ្រាប់បែកដៃនេះផ្ទុះនៅក្រោមឡានក្រុង ដោយការផ្ទុះធ្វើឱ្យមានអំបែងគ្រាប់បែកនៅខាងក្នុងរថយន្ត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញឱ្យដឹងថាការផ្ទុះបំផ្លាញបង្អួចរបស់រថយន្តក្រុងនិងរថយន្តជាច្រើនផ្សេងទៀតដែលចតនៅក្បែរនោះ។
លោក MK Sinha មេប៉ូលិសក្រុងនិយាយថា វាហាក់ដូចជាគ្រាប់បែកត្រូវគេយកមកពីខាងក្រៅហើយវារមៀលនៅក្រោមឡានក្រុង។យោងតាមប្រភពព័ត៌មានពីប៉ូលិសបង្ហាញឱ្យដឹងថាមានមនុស្សម្នាក់ស្លាប់ក្នុងហេតុការណ៍នោះ។ អ្នករងរបួសត្រូវគេបញ្ជូនទៅកាន់មហាវិទ្យាល័យវេជ្ជសាស្ត្រ រដ្ឋាភិបាល និងមន្ទីរពេទ្យ Jammu ដោយពីរនាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ូលីសបិទកន្លែងកើតហេតុ។
លោក Sinha មានប្រសាសន៍ថា “ការវាយប្រហារនេះសំដៅយ៉ាងច្បាស់ដើម្បីរំខានដល់សន្តិភាពផ្ទៃក្នុងរបស់រដ្ឋ។ យើងកំពុងប្រមូលភស្តុតាងហើយការស៊ើបអង្កេតកំពុងដំណើរការ។ មិនមានជនសង្ស័យណាម្នាក់ត្រូវបានឃុំខ្លួននៅឡើយទេ”។ នៅកាស្មៀមានជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថានចាប់តាំងពីចក្រភពអង់គ្លេសបែងចែកអាណានិគមរបស់ខ្លួននៅឆ្នាំ១៩៤៧ ។
នៅសប្តាហ៍មុនមានការប៉ះទង្គិចប្រដាប់អាវុធគ្នាយ៉ាងខ្លាំងរវាងប្រទេសទាំងពីក្រោយពីប្រទេសឥណ្ឌាវាយឆ្មក់ចូលដែនអាកាសរបស់ប្រទេសប៉ាគីស្ថានដើម្បីបំផ្ទុះគ្រាប់បែកទៅលើជំរុំដែលគេសង្ស័យថាជាភេរវជន(ក្រុមនោះជាក្រុមដែល អះអាងទទួលខុសត្រូវចំពោះ ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងខែកុម្ភៈ)។ នៅថ្ងៃបន្ទាប់ ប្រទេសប៉ាគីស្ថានបញ្ជូនយន្តហោះ ចម្បាំងដើម្បីវាយប្រហារគោលដៅលើភាគីឥណ្ឌាជាការបង្ហាញកម្លាំងដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីសង្គ្រាមឆ្នាំ១៩៧១ ។
