ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
ជនសង្ស័យជនជាតិទួរគីអាយុ៣៧ឆ្នាំត្រូវចាប់ខ្លួននៅលើរថយន្ដដឹកទំនិញមួយនៅប្រទេសហូឡង់។ ប៉ូលិស Utrecht បញ្ជាក់ថាប៉ូលិសចាប់ខ្លួនជនសង្ស័យក្រោយពីមានការបាញ់ប្រហារដែលអាជ្ញាធរបញ្ជាក់ថាការសម្លាប់មនុស្សចំនួន៣នាក់ និងបណ្តាលឱ្យមនុស្សចំនួន៩ នាក់ផ្សេងទៀតរងរបួស។
ការគំរាមកំហែងភេវរកម្មនៅទីក្រុង Utrecht ត្រូវកាត់បន្ថយក្រោយពីមានការចាប់ខ្លួនជនសង្ស័យ។ អ្នកនាំពាក្យប៉ូលិសម្នាក់និយាយថាលោក Tanis ត្រូវចាប់ខ្លួនលើផ្លូវ Oudenoord ក្បែរលើរថយន្ត Renault Clio ក្រហម។ ការវាយប្រហារនេះជំរុញឱ្យប៉ូលិសហូឡង់ត្រូវធ្វើការប្រុងប្រយ័ត្នខ្ពស់ដោយប៉ូលិសបញ្ជូនកម្លាំងទៅព្រលានយន្តហោះជាតិ ស្ថានីយ៍ ផ្លូវដែក និងផ្លូវធំៗ ដោយប្រជាពលរដ្ឋត្រូវគេណែនាំអោយស្នាក់នៅក្នុងផ្ទះ។ សាលារៀនក៏ត្រូវគេបិទទ្វារផងដែរខណៈពេលគេកំពុងតាមចាប់ខ្លួនជនសង្ស័យ។
នាយករដ្ឋមន្រ្តីហូឡង់ Rutte លើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា គោលបំណងនៃការវាយប្រហារជនសង្ស័យនៅតែមិនទាន់ច្បាស់លាស់ ហើយលោកបន្ថែមថាមានសំណួរ និងពាក្យចចាមរាមជាច្រើន។ មុននេះភ្នាក់ងារប្រឆាំងភេរវកម្មហូឡង់និយាយថា ហេតុការណ៍នេះមានលក្ខណៈហាក់ដូចជាការវាយប្រហារភេរវកម្ម។
ប៉ូលិស Utrecht ព្រមានប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងចំពោះ Tanis និងមិនត្រូវទៅក្បែរគាត់។ ប្រភពប្រាប់ភ្នាក់ងារ BBC Turkish ថាបុរសមានអាយុ៣៧ឆ្នាំម្នាក់នេះត្រូវចាប់ខ្លួនពីមុនមកដោយមានការសង្ស័យថា លោកមានជាប់ទាក់ទងទៅកាន់រដ្ឋអ៊ីស្លាម (IS/ISIS ) នៅរយៈពេលប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយមកគាត់ក៏ត្រួវគេដោះលែង។ ក្រោយពីមានការវាយប្រហារនោះប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan មានប្រសាសន៍ថា ទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសទួរគីកំពុងតែធ្វើការស៊ើបអង្កេតថាតើវាមានការពាក់ព័ន្ធនឹងភេរវកម្ម ឬក៏មានការជម្រុញដោយផ្ទាល់ខ្លួន។
