ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩
ប្រទេសទួរគីនឹងមិនឱនក្បាលចំពោះការដាក់សម្ពាធរបស់អាមេរិកក្នុងការបញ្ជាឱ្យប្រទេសទួរគីបោះបង់គម្រោងទិញប្រព័ន្ធការពារអាកាស S-៤០០ របស់រុស្ស៊ី។ លើសពីនេះ ប្រទេសទួរគី ថែមទាំងនឹងធ្វើការទិញបន្ថែមទៀត ប្រសិនបើក្រុងវ៉ាស៊ីនតោនមិនលក់ប្រព័ន្ធ Patriot ឱ្យប្រទេសទួរគី។
ក្រុងអង់ Ankara នឹងស្វែងរកយន្តចម្បាំងជំនួសយន្តហោះចម្បាំងប្រភេទ F-៣៥ របស់អាមេរិក។ រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu មានប្រសាសន៍នៅថ្ងៃពុធថា ប្រសិនបើក្រុងវ៉ាស៊ីនតោនបដិសេធមិនលក់ប្រព័ន្ធការពារអាកាស Patriot ដែលផលិតដោយ Raytheon ឱ្យប្រទេសទួរគីទេ ឬលុបចោលការបញ្ជាទិញរបស់យន្តហោះចម្បាំង F-៣៥ របស់ក្រុមហ៊ុន Lockheed Martin នោះ ប្រទេសទួរគីនឹងស្វែងរកទិញនៅកន្លែងផ្សេងទៀត។
លោកបន្ថែមថា សំណើមួយដែលក្រុង Ankara ធ្វើចំពោះរដ្ឋមន្រ្តីណាតូនៅសប្ដាហ៍មុនអំពីការបង្កើតក្រុមបច្ចេកទេសមួយដើម្បីដោះស្រាយកង្វល់លើការទិញប្រព័ន្ធ S-៤០០ មិនទទួលបានការឆ្លើយតបជាវិជ្ជមាននោះទេ។ កិច្ចការពាររបស់ Cavusoglu លើកិច្ចព្រមព្រៀងទិញប្រព័ន្ធ S-៤០០ ធ្វើឡើងក្រោយពីលោកប្រធានាធិបតី Erdogan អះអាងថា ការដឹកជញ្ជូនប្រព័ន្ធការ ពារនេះអាចនឹងធ្វើឡើងនៅខែកក្កដា។
លោក Erdogan បញ្ជាក់ថា បញ្ហានៃការលក់ S-៤០០ ទទួលការចាប់អារម្មណ៍ពីអន្តរជាតិយ៉ាងច្រើន។ ក្នុងកិច្ចព្រមព្រៀង ២,៥ ពាន់លានដុល្លារជាមួយក្រុងម៉ូស្គូចាប់ផ្តើមនៅខែធ្នូឆ្នាំ២០១៧។ ប្រទេសទួរគីជាសមាជិកអង្គការណាតូស្ថិតក្រោមការគាបសង្កត់ពីសហរដ្ឋអាមេរិក ដែលអា មេរិកប្រាប់មិនឱ្យទិញប្រព័ន្ធS-៤០០។
ក្រុងវ៉ាស៊ីនតោនលើកហេតុផលថា ប្រព័ន្ធនេះមិនត្រូវគ្នានឹងប្រព័ន្ធណាតូដែលមានស្រាប់ទេ ក្រុងវ៉ាស៊ីនតោនបារម្ភថាកិច្ចព្រមព្រៀងនេះបង្ករផលប៉ះពាល់ដល់សន្តិសុខរបស់យន្តហោះចម្បាំងបំបាំងកាយ F-៣៥ របស់ខ្លួនដោយមានប្រទេស ទួរគីជាដៃគូកម្មវិធី។ប្រទេសទួរគីមិនមានការព្រួយបារម្ភពីការដាក់សំពាធរបស់សហរដ្ឋអាមេរិក សូម្បីតែក្រោយពីក្រសួងការបរទេសអាមេរិកផ្អាកការប្រគល់យន្តចម្បាំងប្រភេទ F-៣៥ នៅដើមខែមេសាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។នៅថ្ងៃអង្គារគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក និងគណៈកម្មាធិការសេវាកម្មប្រដាប់ អាវុធបង្កើននូវវោហាសាស្ត្រប្រឆាំងនឹងការលក់ប្រព័ន្ធ S-៤០០ និងព្រមានប្រទេសទួរគីថា ការទិញនេះបង្ករឱ្យមានហានិភ័យចំពោះការអនុវត្តទណ្ឌកម្ម។ សមាជិកព្រឹទ្ធសភាលើកឡើងថា នៅចុងឆ្នាំនេះប្រទេសទួរគីនឹងមានប្រព័ន្ធការពារ S-៤០០ ឬ F-៣៥ ។ ប្រទេសទួរគីមិនអាចមានទាំងពីរទេ។
