ក្រោយពីផ្ទុះនៅជិតរោងកុននៅក្រុង Colombo ប្រទេសស្រីលង្កាប៉ូលិសរកឃើញម៉ូតូជាប់សង្ស័យ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩

ការបំផ្ទុះគ្រាប់បែកមួយកើតឡើងក្បែររោងភាពយន្តនៅទីក្រុង Colombo ប្រទេស​ស្រី​លង្កាក្រោយពីប៉ូលិសរកឃើញម៉ូតូ (scooter ) គួរឱ្យសង្ស័យដែលអាចមានជាប់ទាក់ទង​ទៅនឹងការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សចំនួន៣៥៩នាក់។ ការផ្ទុះកើតឡើងនៅថ្ងៃពុធនៅជិតរោងមហោស្រព Savoy នៅសង្កាត់ Wellawatte ក្នុងទីក្រុង Colombo ដែលជាទីក្រុងធំ​បំផុតរបស់ប្រទេសស្រីលង្កា។

លោក Ruwan Wijewardene រដ្ឋមន្រ្តីក្រសួងការពារជាតិ​ប្រាប់អ្នកយកព័ត៌មានថាប៉ូលិសរកឃើញម៉ូតូដែលគួរឱ្យសង្ស័យមួយដែលចតនៅខាងក្រៅរោងកុនហើយបក៏សម្រេចបំផ្លាញវាចោលក្រោយពីពួកគេមិនអាចបើកប្រអប់កៅអីបាន។ ហេតុការណ៍នេះជាការបំផ្ទុះគ្រាប់បែកអត្តឃាតកើតឡើងនៅថ្ងៃទី២១ ខែមេសា​កំណត់គោលដៅលើព្រះវិហារគ្រិស្តជាច្រើន និងសណ្ឋាគារប្រណីតនៅទូទាំងប្រទេសដោយការវាយប្រហារ​ភាគច្រើនកើតឡើងនៅទីក្រុងColombo។

យោងតាមប្រភពព័ត៌មានចុងក្រោយបំផុតពីលោក Wijewardene បង្ហាញថា ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅថ្ងៃ​បុណ្យ Easter Sunday កើនឡើងដល់៣៥៩នាក់ក្នុងនោះមានជនបរទេសចំនួន៣៩នាក់។ មុននេះអង្គការសហប្រជាជាតិបាននិយាយថា អនីតិជនមានចំនួនច្រើនជាង៤០នាក់​ស្ថិតក្នុងចំណោមអ្នកស្លាប់។ ប៉ូលិសនិយាយថា ក្រុមអ្នកស៊ើបអង្កេត​រកឃើញអ្នកបំផ្ទុះគ្រាប់បែកចំនួនប្រាំបីក្នុងចំណោមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន០៩នាក់ដែលបានធ្វើការវាយប្រហារ។

មនុស្សសរុបចំនួន ៦០ នាក់ត្រូវគេចាប់ខ្លួនពាក់ព័ន្ធនឹងសោកនាដកម្មនេះ។ អាជ្ញាធរ​​ប្រទេសស្រីលង្កាសង្ស័យថា ក្រុមអ៊ីស្លាមនិយមក្នុងស្រុកពីរគឺក្រុម Thawheed Jama’ut និងក្រុម Jammiyathul Millathu Ibrahim ស្ថិតនៅពីក្រោយការសម្លាប់រង្គាលនេះ។ រដ្ឋអ៊ីស្លាម (IS ISIS) ក៏អះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។
ទោះជាយ៉ាងណាអាជ្ញាធរបញ្ជាក់ពីទំនាក់ទំនងមួយចំនួនរបស់ IS និងការវាយប្រហារនៅថ្ងៃអាទិត្យនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here