ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩
ប្រទេស Qatar នឹងបញ្ជូនប្រាក់ចំនួន ៤៨០លានដុល្លារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank និងតំបន់ហ្គាហ្សាស្ទ្រីបក្រោយពីមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាបញ្ចប់ការប្រយុទ្ធរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនចាប់តាំងពីមានសង្គ្រាមឆ្នាំ២០១៤មក ។
ក្រសួងការបរទេស Qatar មានប្រសាសន៍នៅព្រឹកថ្ងៃអង្គារថា ទឹកប្រាក់ចំនួន ៣០០លានដុល្លារនឹងផ្តល់ការគាំទ្រដល់កម្មវិធីអប់រំសុខភាព និងកម្មវិធីអប់រំរបស់អាជ្ញាធរប៉ាឡេស្ទីន។ ក្នុងសេចក្តីថ្លែងការណ៍នោះបន្ថែមថាទឹកប្រាក់ចំនួន ១៨០លានដុល្លារនឹងផ្តល់ទៅឱ្យផ្នែកសង្គ្រោះមនុស្សធម៌ជាបន្ទាន់ក្នុងកម្មវិធីរបស់អង្គការសហប្រជាជាតិ និងផ្គត់ផ្គង់លើផ្នែកអគ្គិសនី។
ការផ្ទុះអំពើហឹង្សារយៈពេល ២ថ្ងៃចុងក្រោយនេះសម្លាប់មនុស្សចំនួន ២៥នាក់នៅតំបន់ហ្គាហ្សា ដោយក្នុងនោះមានទាំងពួកសកម្មប្រយុទ្ធ និងជនស៊ីវិល និងជនស៊ីវិលចំនួនបួននាក់នៅប្រទេសអ៊ីស្រាអែល។
នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យហាម៉ាសលោក Hazem Qassem ជាអ្នកសម្រុះសម្រួលអេហ្ស៊ីបរួមជាមួយក្រុមមន្រ្តីមកពី Qatar និងអង្គការសហប្រជាជាតិដែលជួយឱមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ Qatar ក្លាយជាម្ចាស់ជំនួយដ៏សំខាន់មួយសម្រាប់ប្រទេសប៉ាឡេស្ទីន។
