ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩
ប៉ូលិសស្រីលង្កាចាប់ខ្លួនសមាជិកក្រុមភេរវករចំនួនប្រាំពីរនាក់មកពីអង្គភាពភេរវករ National Thawheed Jama’ath ដែលកំពុងរៀបចំសមាជិកដើម្បីក្លាយជាអ្នកវាយប្រហារអត្តឃាត។ នេះយោងតាមការចុះផ្សាយកាសែត Daily Mirror របស់ប្រទេសស្រីលង្ការាយការណ៍នៅថ្ងៃពុធ។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរអនុវត្តច្បាប់ សមាជិកភេរវករដែលគេចាប់ខ្លួនទាំងនោះមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នករៀបចំការផ្ទុះជាច្រើននៅប្រទេសស្រីលង្កា។ កាសែតដដែលរាយការណ៍បន្ថែមថា នេះបង្ហាញឱ្យឃើញថា ជនសង្ស័យទទួលបានការបណ្តុះបណ្តាលយ៉ាងប្រុងប្រយ័ត្ននៅទីក្រុង Hambantota ក្នុងរយៈពេលដ៏វែងមួយស្តីពីការប្រើប្រាស់អាវុធ។ គេនិយាយថាលោក Mohamed Nasar Mohamed Asath (ធ្លាប់បំផ្ទុះនៅខាងក្នុងព្រះវិហារ Zion នៅទីក្រុង Batticaloa) ជាអ្នកផ្តល់ការណែនាំអំពីការហ្វឹកហ្វឺន។
បច្ចុប្បន្នប៉ូលិសកំពុងសួរចម្លើយពួកគេអំពីទំនាក់ទំនងរបស់ពួកគេក្នុងការវាយប្រហារភេរវកម្ម។ នៅថ្ងៃទី២១ ខែមេសា ជាថ្ងៃដែលមានការវាយប្រហារធ្ងន់បំផុតក្នុងប្រវត្ដិសាស្ដ្រនៃការវាយប្រហារភេរវកម្មនៅប្រទេសស្រីលង្កា។ ការវាយប្រហារនោះបណ្តាលឱ្យមនុស្សចំនួនប្រហែល ២៥០ នាក់ស្លាប់។
ការផ្ទុះប្រាំបីលើកធ្វើឱ្យទីក្រុង Colombo Negombo និង Batticaloa រង្គើរ ជាពិសេសនៅព្រះវិហារកាតូលិកក្នុងអំឡុងពិធីបុណ្យ Easter និងនៅសណ្ឋាគារជាច្រើនទៀត។ អាជ្ញាធរជឿថា មនុស្សមួយក្រុមក្នុងតំបន់ Thawheed Jama’ath អាចមានទំនាក់ទំនងជាមួយអង្គការអ៊ី ស្លាមនិយមបរទេសដែលជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម។ អាជ្ញាធរឃុំឃាំងមនុស្សចំនួនច្រើន ជាង ១០០ នាក់ ដោយអាជ្ញាធរសន្មត់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ។
