ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩
ប្រទេសអ៊ីរ៉ង់រិះគន់យ៉ាងខ្លាំងក្លាចំពោះការគំរាមកំហែងថ្មីរបស់លោក Donald Trump ដោយនិយាយថា “អំពើភេរវកម្មសេដ្ឋកិច្ចនិងអំពើហឹង្សាប្រល័យពូជសាសន៍” របស់អាមេរិកនឹងធ្វើឱ្យមានគ្រោះថ្នាក់តិចតួចដល់ប្រទេសដែលទប់ទល់នឹងការឈ្លានពានបរទេសអស់រយៈពេលជាយូរមកហើយ។
រដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif ប្រកាសនៅលើបណ្តាញTwitter ថាប្រធានាធិបតីអាមេរិក “សង្ឃឹមថានឹងសម្រេចបាននូវអ្វីដែល Alexander, Genghis [Khan] និងពួកឈ្លានពានដទៃទៀតមិនបានធ្វើ”។
ថ្មីៗនេះលោក Trump បន្ថែមនូវសារចំពោះសង្រ្គាមពាក្យសម្តីដែលកំពុងបន្តសរសេរនៅលើបណ្តាញ Twitter ថាប្រសិនបើអ៊ីរ៉ង់ចង់ប្រយុទ្ធ “នោះនឹងជាទីបញ្ចប់រប់អ៊ីរ៉ង់” ។
កាលពីសប្តាហ៍មុនលោកឧត្តមសេនីយ៍ Hossein Salami មេបញ្ជាការកងកម្លាំងបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឆ្លុះបញ្ចាំងអំពីលទ្ធភាពការធ្វើសង្គ្រាមរវាងគូប្រជែងទាំងពីរ។ លោកនិយាយថាសាធារណរដ្ឋអ៊ីស្លាមមិនចង់ប្រយុទ្ធនឹងសហរដ្ឋអាមេរិកទេ ប៉ុន្តែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបញ្ចប់។ ក្នុងពេលតំណាលគ្នានេះដែរមេដឹកនាំទីក្រុងវ៉ាស៊ីនតោន«ខ្លាចសង្គ្រាមហើយមិនមានឆន្ទៈចង់មានសង្រ្គាមទៀតទេ»។