ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩
យោធាអ៊ីស្រាអែលនិយាយថា ពួកគេវាយប្រហារលើទីតាំងមួយក្នុងស៊ីរីក្រោយពីយន្តហោះចម្បាំងរបស់ប្រទេសអ៊ីស្រាអែលឆេះ។ មុននេះទូរទស្សន៍ស៊ីរីរាយការណ៍ថា កម្លាំងអ៊ីស្រាអែលវាយប្រហារប្រើមីស៊ីលមួយក្នុងខេត្ត Quneitra ប្រទេសស៊ីរី។
យោងតាមប្រភពព័ត៌មាន SANA បញ្ជាក់ថាមន្រ្តីម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារនៅភាគខាងកើតទីក្រុង Khan Arnabeh ក្នុងតំបន់ជនបទ Quneitra។ ប្រភពព័ត៌មានបន្ថែមថា ប្រព័ន្ធការពារអាកាសរបស់ប្រទេសស៊ីរីវាយកំទេចយន្តច្បាំងដែលហោះចូលដែនអាកាសប្រទេសស៊ីរីនៅភាគខាងត្បូងជាយក្រុង។
កងកម្លាំងការពារអ៊ីស្រាអែលអះអាងថា យន្តហោះចម្បាំងនោះជារបស់ពួកគេដែលហោះហើរជាប្រចាំនៅភាគខាងជើងប្រទេសអ៊ីស្រាអែល ហើយក្រោយមកវាក៏ឆេះ។ ប្រព័ន្ធការពារប្រឆាំងម៉ីស៊ីលរបស់ប្រទេសស៊ីរីខកខានក្នុងការទប់ស្កាត់គ្រាប់ម៉ីស៊ីលរបស់អ៊ីស្រាអែលនាំឱ្យការវាយប្រហារនោះអាចបំពេញបេសកកម្មដោយជោគជ័យ។
ក្រុម IDF និយាយថា តំបន់រងការវាយប្រហារកើតឡើងនៅលើទឹកដីប្រទេសស៊ីរី និងរងការវាយប្រហារពីគ្រាប់មីស៊ីលរបស់ប្រទេសអ៊ីស្រាអែលដែលនោះជាការសងសឹក។ គេនិយាយថា យន្តចម្បាំងរបស់ IDF ដែលរងការកំណត់គោលដៅពីប្រទេសស៊ីរ៉ី ក្នុងដែនអាកាសរបស់ប្រទេសអ៊ីស្រាអែលគឺជាការបំពានលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងតំបន់ Golan Heights ដោយអ៊ីស្រាអែលហៅការវាយប្រហារនោះថា ជារឿងមិនធម្មតា។
ប្រទេសស្រាអែលដណ្តើមបានតំបន់ Golan Heights ពីប្រទេសស៊ីរីក្នុងអំឡុងសង្គ្រាមប្រាំមួយថ្ងៃក្នុងឆ្នាំ១៩៦៧។ ទីនោះនៅតែស្ថិតក្រោមការត្រួតត្រារបស់ប្រទេសអ៊ីស្រាអែលតាំងពីពេលនោះមកបើទោះបីជាអង្គការសហប្រជាជាតិចាត់ទុកថា នោះជាការបញ្ចូលដោយខុសច្បាប់ក៏ដោយ។ នៅខែមីនា លោកប្រធានាធិបតីអាមេរិក Donald Trump ចុះហត្ថលេខាលើសេចក្តីប្រកាសមួយទទួលស្គាល់តំបន់ Golan Heights ថាជាផ្នែកមួយរបស់ប្រទេសអ៊ីស្រាអែល ប៉ុន្តែទង្វើនេះធ្វើអោយអន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu លើកឡើងក្រោយពីមានឧបទ្ទវហេតុនេះថា កងទ័ពស៊ីរីធ្លាប់ព្យាយាមវាយប្រហារលើយន្តហោះរបស់អ៊ីស្រាអែល ប៉ុន្តែបរាជ័យ។ កម្លាំងអ៊ីស្រាអែលកំណត់គោលដៅជាញឹកញាប់ទៅលើយោធាស៊ីរីនៅអំឡុងមានជម្លោះក្នុងប្រទេសដោយនិយាយថាការបំផ្ទុះគ្រាប់បែកទាំងនោះមានបំណងរារាំងក្រុមប្រដាប់អាវុធអ៊ីរ៉ង់ ក្រុមលីបង់ ក្រុម Hezbollah (ពួកគេជាក្រុមសម្ព័ន្ធមិត្តរបស់ក្រុងដាម៉ាសក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវជន)។