ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩
អ្នកកាសែតទួរគីដ៏ល្បីលោក Kadri Gursel ត្រូវបញ្ជូនត្រឡប់ទៅពន្ធនាគារវិញ។ លោកជាប់ទោសពីបទមានពាក់ព័ន្ធនឹងក្រុមភេរវជននៅឆ្នាំមុន។ លោក Gursel និពន្ធព័ត៌មាននៅកាសែត Cumhuriyet ពីមុនត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈ ពេល ៣០ខែពីបទមានចេតនានិងដោយស្ម័គ្រចិត្តដើម្បីជួយក្រុមភេរវករដោយមិនចាំបាច់ជាសមាជិក។
លោកបង្ហោះនៅលើ Twitter នៅថ្ងៃពុធថា លោកត្រូវគេផ្តន្ទាទោសដោយគ្មានភស្តុតាង និងមានលក្ខណៈមិនសមស្របចំពោះសកម្មភាពសារពត៌មាន។ អ្នកកាសែតរូបនេះចំណាយពេល ១១ ខែនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន ហើយលោកមានប្រសាសន៍ថា លោកកំពុងប្រឈមនឹងភាពអយុត្តិធម៌បន្ថែមទៀតដោយត្រូវគេចាប់ឃុំខ្លួនម្តងទៀត។
អតីតអ្នកកាសែត Cumhuriyet ចំនួន ១៣នាក់ផ្សេងទៀត និងបុគ្គលិកជាន់ខ្ពស់ត្រូវគេផ្តន្ទាទោសនៅខែមេសាឆ្នាំ២០១៨ ហើយមនុស្សចំនួន ៦នាក់ត្រូវវិលត្រលប់ចូលពន្ធនាគារវិញនៅខែមុនក្រោយពីតុលាការឧទ្ធរណ៍បញ្ជាក់ពីមូលហេតុនៃការផ្តន្ទាទោស។ យោងតាមប្រភពសហជីពអ្នកសារព័ត៌មានរបស់ប្រទេសទួរគីបញ្ជាក់ឱ្យដឹងថា អ្នកកាសែត និងអ្នកសារព័ត៌មានចំនួន ១៤០នាក់កំពុងជាប់ពន្ធនាគារ។
